ភ្នំពេញ៖ មន្រ្តីដែលកាន់ខាងការងារស្ថិតិ នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ខណ្ឌចំការមន កំពុងធ្វើឫកដូចជាយក្ស ដែលប្រជាពលរដ្ឋ ត្រូវការសេវា ពិបាកនឹងទៅសុំភ្លើង។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ ពលរដ្ឋម្នាក់ដែលចង់ធ្វើសៀវភៅស្នាក់នៅថ្មី បានប្រាប់ថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ លោកបានទៅជួបមន្រ្តីកាន់ការងារ ខាងស្ថិតិនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ខណ្ឌចំការមន ដើម្បីស្នើសុំការបញ្ជាក់ផ្លាស់ប្តូរទីលំនៅឡើងវិញ ដោយសារលិខិតបញ្ជាក់ ដែលបានធ្វើលើកមុនបានបាត់ ។
ពលរដ្ឋដដែលបន្តថា នៅពេលទៅដល់ប៉ុស្តិ៍រដ្ឋបាល បានជម្រាបសួរលោកមន្រ្តីត្រឹមត្រូវ និងបានប្រាប់អំពីគោលបំណង ក្រោយមក លោកមន្រ្តីកាន់ការងារស្ថិតិ ដែលកំពុងអង្គុយខាងមុខ បែរជាសើច បែបចំអកឡកឡើយ ឱ្យប្រជាពលរដ្ឋវិញ ហើយនិយាយថា មិនដឹងជួយបានយ៉ាងណាទេ និងថា កោតតែឱ្យទៅរួច ដោយនិយាយដដែលៗ។ យ៉ាងណាក៏ដោយ បន្ទាប់ពីមានការនិយាយលួងលោមមួយសន្ទុះ មន្រ្តីខាងលើបានប្រាប់ថា ឱ្យយកសៀវភៅស្នាក់នៅដើម និងសំបុត្រកំណើតដើម្បីមកផ្ទៀងផ្ទាត់ ក្រែងលោ លោក អាចជួយបាន។
បន្ទាប់ពីមានឯកសារគ្រប់គ្រាន់តាមការចង់បានរួចហើយ ពលរដ្ឋដដែលនោះ បានព្យាយាមមកប៉ុស្តិ៍រដ្ឋបាលដដែល ដោយបានប្រាប់កន្លែងធ្វើការរបស់ខ្លួនថា សុំយឺតម៉ោងបន្តិច ដើម្បីជួបលោកមន្រ្តី ។ ពេលទៅដល់ប៉ុស្តិ៍រដ្ឋបាល មិនឃើញលោកមន្រ្តី ក៏បានសួរមន្រ្តីផ្សេងទៀតដែលនៅទីនោះ រួចក៏បានលេខទូរស័ព្ទលោកមន្រ្តីស្ថិតិ ហៅទូរស័ព្ទទៅ ត្រូវបានលោកមន្រ្តីលើក និងឆ្លើយបែបមិនសប្បាយចិត្តថា នៅវត្ត មិនបានមកកន្លែងទេ ចាំថ្ងៃ(រសៀល)។ ដល់ពេលថ្ងៃម៉ោង ២រសៀល ពលរដ្ឋដដែលបានទាក់ទងតាមទូរស័ព្ទម្តងទៀត ត្រូវបានលោកឆ្លើយតបវិញថា មិនបានទៅទេ ជាប់ប្រជុំ ឱ្យចាំស្អែក។
ដោយត្រូវការឯកសារដើម្បីយកមកធ្វើសៀវភៅស្នាក់នៅ លុះដល់ព្រឹកឡើងម៉ោង ៨ ពលរដ្ឋខាងលើក៏បានជិះម៉ូតូមកដល់ប៉ុស្តិ៍រដ្ឋបាលម្តងទៀត ប៉ុន្តែអ្វីៗមិនបានដូចបំណង នៅតែមិនបានជួបលោកមន្រ្តីយក្ស ដែលពិបាកសុំភ្លើងដដែល ចំណែកទូរស័ព្ទទៅក៏លោកមិនទទួល។
យ៉ាងណាក៏ដោយ ពលរដ្ឋក៏បានរិះគន់ ហើយថា លោកមន្រ្តីដែលតាំងខ្លួនជាយក្សដែលពិបាកនឹងសុំភ្លើង កាន់ការងារស្ថិតិ នៅប៉ុស្តិ៍រដ្ឋបាល ទន្លេបាសាក់នោះ គួរណាស់តែយកគំរូតាមមន្រ្តីសង្កាត់ទន្លេបាសាក់ និងមន្រ្តីស្ថិតិនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដែលមានភាពរួសរាយរាក់ទាក់ជាមួយពលរដ្ឋដែលមកទទួលសេវា ដែលទាំងនេះ ស្របតាមការចង់បានរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល។ ពាក់ព័ន្ធនឹងការបញ្ជាក់ឡើងវិញលិខិតផ្លាស់ប្តូរទីលំនៅនេះដែរ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានទាក់ទងតាមទូរស័ព្ទទៅកាន់លោក បេង សុវត្ថិ ប្រធាននាយកដ្ឋានស្ថិតិ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដោយលោកបញ្ជាក់ថា ការបញ្ជាក់ឡើងវិញនូវលិខិតផ្លាស់ប្តូរទីលំនៅនេះ គឺប៉ុស្តិ៍នគរបាល អាចបញ្ជាក់ឱ្យបាន ដោយមិនពិបាកនោះទេ ប្រសិនបើតាមការបញ្ជាក់មូលហេតុច្បាស់លាស់ត្រឹមត្រូវ ប៉ុន្តែលោកថា ករណីខាងលើ លោកក៏មិនយល់អំពីមន្រ្តីថ្នាក់ក្រោមមួយចំនួនតូចផងដែរ ដែលតែងតែធ្វើឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ចិត្ត៕