ភ្នំពេញ ៖ សម្តេចហេង សំរិន ប្រធានរដ្ឋសភា បានស្នើដល់ប្រទេសអាស៊ាន ធ្វើសមាហរណកម្មតំបន់ឲ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីសម្រួលដល់លំហូរ ទំនិញ សេវាកម្ម និងប្រជាជន នៅក្នុងពេលមាន វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ១៩នេះ ។
ការស្នើដូច្នេះ បានធ្វើឡើងនៅក្នុងសុន្ទរកថាគន្លឹះរបស់សម្តេចប្រធានរដ្ឋសភា ថ្លែងទៅកាន់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ ដែលសភាប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី៨ ខែកញ្ញានេះ តាមប្រព័ន្ធវិដេអូ ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់បន្ថែមថា ការរាតត្បាតនៃជំងឺកូវីដ១៩នៅលើពិភពលោក បាននាំមកនូវបញ្ហាប្រឈមជាច្រើនដែលមិនធ្លាប់មានពីមុនមក ដូចជា សុវត្ថិភាព សុខភាពសាធារណៈ ការបង្អាក់ ការ ប្រមូលផ្តុំ និងដំណើរការនៃសង្វាក់ផ្គត់ផ្គង់សកល ជាពិសេសបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសង្គម និងសេដ្ឋកិច្ចសកលលោក។
សម្តេចបានលើកឡើងថា “យើងត្រូវធ្វើការរួមគ្នា បង្កើនកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពអន្តរជាតិ ដើម្បីផលប្រយោជន៍រួមរបស់យើង” ។
ជំងឺកូវីដ១៩ បានធ្វើឲ្យការរៀបចំមហាសន្និបាតលើក ទី៤១ អន្តរសភាអាស៊ាននៅឆ្នាំនេះ តាមប្រព័នវិដេអូ។
សម្តេចក៏បានថ្លែងការកោតសរសើរ ចំពោះរដ្ឋសភា វៀតណាម ចំពោះការរៀបចំដ៏ល្អនៃមហាសន្និបាត អាយប៉ា លើកទី៤១ ទោះបីជាអាយប៉ាមិនអាចជួបប្រជុំគ្នា ដោយផ្ទាល់ក្តី។
មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤នេះ បានប្រារព្ធធ្វើឡើងក្រោមមូលបទ “ការទូតសភា ដើម្បីសម្រេចបានសហគមន៍អាស៊ាន ប្រកបដោយភាពស្អិតរមួត និងឆ្លើយតប”។
សម្តេចហេង សំរិន បានមានប្រសាសន៍ថា មូលបទខាងលេីនេះ ពិតជាសមស្រប និងឆ្លុះបញ្ចាំងពីភាពចាំបាច់ក្នុងការឈានទៅសម្រេចបានការកសាងសហគមន៍អាស៊ាន ប្រកបដោយឯកភាព សាមគ្គីភាព និងមជ្ឈភាព ដើម្បីជំរុញអាស៊ានមានលទ្ធភាពចាប់យកឱកាស និងដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានប្រកបដោយប្រសិទ្ធភាព៕




