ព័ត៌មានជាតិ

លោក គង់ គាំ ចង់ជួបដៃគូ នយោបាយគឺ លោក សុន ឆ័យ និង លោក អ៊ូ ច័ន្ទរ័ត្ន

ភ្នំពេញ ៖ ធ្លាប់ជាមន្រ្តីនៅក្នុងបក្សតែមួយ ជាមួយគ្នា គឺអតីតគណបក្សសង្រ្គោះជាតិ នាពេលអតីតកាលលោក គង់ គាំ ដែលបច្ចុប្បន្នជាប្រធានកិត្តិយស គណបក្សឆន្ទៈខ្មែរ បានប្រកាសចង់ជួប លោក សុន ឆ័យ និងលោក អ៊ូ ច័ន្ទរ័ត្ន ក្នុងគោលបំណង ពិភាក្សារឿង នយោបាយ ក្រោយលោកទាំង២ បានប្រកាសបង្កើតគណបក្ស បន្ទាប់ពីទទួលបានសិទ្ធិ ធ្វើនយោបាយឡើង ក្រោយបក្សសង្រ្គោះជាតិ ត្រូវរំលាយចោលកាលពី ចុងឆ្នាំ២០១៧ ។

ចំពោះសំណើនេះ ត្រូវបានលោក អ៊ូ ច័ន្ទរ័ត្ន ស្វាគមន៍ ហើយថា នឹងរកពេលវេលាជួបគ្នា។

ការចង់ជួបរបស់លោក គង់ គាំ នេះធ្វើឡើងតាមរយៈ លិខិតមួយច្បាប់នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ដោយផ្ញើទៅលោកទាំង២។

លោក គង់ គាំ បានលើកឡើងថា លោកជាអតីត ទីប្រឹក្សាជាន់ខ្ពស់ CNRP ដែលរំលាយបាត់ ជាប់បម្រាម និងបានសុំសិទ្ធិ ហើយក៏ទទួលនីតិសម្បទា ធ្វើនយោបាយឡើងវិញ។

លោកបានអបអរ និងគាំទ្រការសុំសិទ្ធិ ការទទួលបាន នីតិសម្បទាធ្វើនយោបាយឡើងវិញ (ពិសេសរបស់ លោក សុន ឆ័យ នៅពេលថ្មីៗនេះ) លើសពីនេះ កោតសរសើរ និងរីករាយចំពោះបំណង របស់លោក ទាំង២អំពីគម្រោងថា នឹងបង្កើតគណបក្សនយោបាយថ្មី ដើម្បីចូលរួមការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសរើសតំណាង រាស្រ្តនៅឆ្នាំ២០២៣ ។

លោក គង់ គាំបន្តថា “ដោយការគោរព និងផ្តល់តម្លៃខ្ពស់ ចំពោះសមត្ថភាព និងលទ្ធភាពទំនាក់ទំនងដ៏ ទូលំទូលាយ របស់លោកទាំងពីរ ខ្ញុំសូមសម្តែងនូវបំណងរួមគ្នា ផ្តួចផ្តើមឲ្យមានការជួបពិភាក្សា ជាទ្វេភាគី ពហុភាគីរវាងថ្នាក់ដឹកនាំគណបក្ស នយោបាយប្រជែងនានា ដើម្បីរករូបមន្តណាមួយ ដែលអាចទទួល បានលទ្ធផលពហុបក្ស នៅក្រុមប្រឹក្សាឃុំ-សង្កាត់ ឲ្យបានទូទាំងប្រទេស ក្នុងឆ្នាំ២០២២ និងនៅរដ្ឋសភា ក្នុងឆ្នាំ២០២៣ខាងមុខ ប្រកប ដោយប្រសិទ្ធភាពខ្ពស់”។

ទាក់ទិនលិខិតនេះ លោក អ៊ូ ច័ន្ទរ័ត្នបានឲ្យដឹងថា លោកបានទទួលរួចហើយ ហើយលោកថា លោកសុន ឆ័យនៅក្នុងប្រទេសទេ ។

លោកនឹងរកពេលសមស្របណាមួយ ដើម្បីពិភាក្សាឬរងចាំលោក សុន ឆ័យ ទើបទៅជួប លោក គង់ គាំ៕ ដោយ ស សំណាង

To Top