ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារ ណែនាំក្រុមនិស្សិត ត្រៀមទៅសិក្សានៅក្រៅប្រទេស ឲ្យខិតខំបំពេញវិជ្ជា ដើម្បីអភិវឌ្ឍជាតិ

ភ្នំពេញ៖ លោក អ៊ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដាំផ្ញើក៏ដូចជាណែនាំដល់ក្រុមនិស្សិត ដែលត្រៀមចេញដំណើរទៅ សិក្សាបន្តនៅប្រទេសអូស្ត្រាលី និងណូវ៉ែលសេឡង់ ឲ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ បំពេញចំណេះវិជ្ជារបស់ខ្លួន ដើម្បីយកមកជួយអភិវឌ្ឍន៍ជាតិ ក្រោមស្មារតីខិតខំដើម្បីជាតិជាធំ។

ក្នុងពិធីសំណេះសំណាល ជាមួយក្រុមនិស្សិត ដែលត្រៀមចេញដំណើរ ទៅសិក្សាបន្តនៅប្រទេសអូស្ត្រាលី និងណូវ៉ែលសេឡង់ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ លោកអិត សំហេង បានថ្លែងថា ប្រទេសអូស្ត្រាលី និងណូវ៉ែលសេឡង់ មានបទពិសោធន៍លើការបណ្តុះបណ្តាលធនធានមនុស្ស និងតែងជួយបណ្តុះបណ្តាល ដល់និស្សិតរបស់កម្ពុជា ជាដរាបមក។

លោកបន្តថា កម្ពុជាមានកិច្ចសហការ ជាមួយអូស្ត្រាលីលើវិស័យជាច្រើន ជាពិសេសការបណ្តុះបណ្តាល ធនធានមនុស្ស។ការទៅសិក្សារៀនសូត្រនៅទីនោះ មានកម្មវិធីសិក្សាល្អ បច្ចេកវិទ្យាមានការរីកចម្រើនខ្ពស់ ដែលទាមទារឲ្យពួកគេ ត្រូវខិតខំប្រឹងប្រែងចាប់ យកឱកាសនេះឲ្យបាន។

លោករដ្ឋមន្រ្តីឲ្យដឹងទៀតថា “ចំពោះការសិក្សា ទោះបីផ្នែកណាក៏ល្អដែរ ឲ្យតែលើកកម្ពស់ចំណេះដឹងរបស់និស្សិតកម្ពុជា ដើម្បីផលិតធនធានមនុស្ស យកមកជួយអភិវឌ្ឍន៍ប្រទេសវិញ ខណៈការអភិវឌ្ឍធនធានមនុស្សចាំបាច់ណាស់ សម្រាប់កសាងសង្គមគ្រួសារផង និងសង្គមជាតិផង ដូច្នេះក្រុមនិស្សិតត្រូវធ្វើជាបង្គោល គ្រួសារឲ្យបានមាំ និងឆ្លៀតជួយកសាងសង្គមជាតិ ឲ្យមានការអភិវឌ្ឍតទៅមុខទៀត”។

ក្នុងឱកាសនោះ លោកបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលី បានជួយជ្រោមជ្រែង ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់និស្សិតកម្ពុជា បានយ៉ាងច្រើន ដែលនិស្សិតទាំងនេះ បច្ចុប្បន្ន បានក្លាយជាធនធានដ៏មានតម្លៃមួយ សម្រាប់ចូលរួមអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជាផងដែរ។

លើសពីនេះទៀតលោក ក៏បានដាស់តឿន គ្រប់និស្សិតកម្ពុជាដែលចេញទៅ សិក្សានៅក្រៅប្រទេសទាំងអស់ ត្រូវ មានមនសិការថា ប្រទេសជាតិខំផ្ដល់ឱកាសឲ្យទៅរៀន យ៉ាងណា ក៏ត្រូវតបស្នងវិញខ្លះដែរ ធ្វើម៉េចឲ្យបានលទ្ធផលពិតប្រាកដ យកមកជួយជាតិវិញ។

ជាមួយគ្នានោះលោកសង្កត់ធ្ងន់ថា ការអភិវឌ្ឍធនធានមនុស្ស គឺជារឿងចាំបាច់ណាស់ ព្រោះឥលូវយ៉ាងហោចណាស់ ត្រូវមានសញ្ញាបត្រកម្រិតបរិញ្ញាបត្រដែរ ដើម្បីអភិវឌ្ឍឲ្យទាន់បច្ចេកវិទ្យាទំនើប ឬបដិវត្តឧស្សាហកម្ម ៤.០៕

ដោយ៖ ធី លីថូ

To Top