ភ្នំពេញ ៖ លោក ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយដ្ឋានបុគ្គលិក បានថ្លែងថា មន្ត្រីនគរបាលយុត្តិធម៌ មិនត្រូវយកតួនាទី ឬបុណ្យស័ក្ដិ ទៅធ្វើអ្វីដែលផ្ទុយនឹងច្បាប់ឡើយ ហើយក៏មិនត្រូវយកសិទ្ធិអំណាច ទៅគាប់សង្កត់ប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍ខ្លួនឯងនោះទេ។ នេះយោងតាម ការចេញផ្សាយ អគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងពិធីប្រកាសផ្ទេភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការរដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ លោក ប៉ែន វិបុល មានប្រសាសន៍ថា «ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ មិនត្រូវយកតួនាទី បុណ្យស័ក្ដិទៅធ្វើអ្វីដែលផ្ទុយ នឹងច្បាប់ឡើយ ហើយក៏មិនត្រូវយកសិទ្ធអំណាច ទៅគាប់សង្កត់ពលរដ្ឋស្លូតត្រង់ ដើម្បីតែផលប្រយោ ជន៍ខ្លួនឯង ដែលធ្វើឲ្យបាត់បង់កត្តិយសជាមន្ត្រីយុត្តិធម៌ បើសិនជាមានករណីនេះកើតឡើង មិនត្រូវបានលើងលែងឡើយ»។
លោកបន្ដថា មន្ត្រីនគរបាល ត្រូវតែខិតខំបំរើនូវសេចក្តី សុខជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានល្អ ដោយត្រូវលុបបំបាត់ឲ្យអស់នូវសកម្មភាព បង្កអសន្តិសុខក្នុងសង្គមជាតិ ចោរលួច ចោរឆក់ ល្បែងស៊ីសង ក្មេងទំនើង ពិសេសករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀម ត្រូវតែរួមគ្នាលុបបំបាត់ ឲ្យអស់។
ជាងនេះទៅទៀត អគ្គស្នងការរងនគរបាលជាតិ ក៏បានលើកឡើងថា មន្ត្រីនគរបាលត្រូវត្រៀមខ្លួនជួយ សង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសាគ្រោះធម្មជាតិ ដូចជា ខ្យល់កន្ត្រាក់ ទឹកជំនន់ ជាដើម ដែលអាចកើតមាននាពេលខាងមុខ៕