ភ្នំពេញ៖ ក្នុងឱកាស បុណ្យកាន់បិណ្ឌ វេនទី៧នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងបុត្រាបុត្រី និងមន្ត្រីរាជការ នៃសាលារាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួម ក្នុងពិធីសូត្រមន្ត នមស្ការ ព្រះរតនញត្រ័យ សមាទានសិល នៅវត្តទួលសន្តិវន្ត ហៅវត្តទួលអស់លោក មុននឹងប្រារព្ធពិធីប្រគេនយាគូ ដល់ព្រះសង្ឃ រាប់បាត្របង្កុល នាព្រឹកថ្ងៃបន្ទាប់ ។
វត្តទួលសន្តិវន្ត ហៅវត្តទួលអស់លោក ស្ថិតក្នុងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ដើរតាមប្រពៃណី ដែលមានជាយូរលង់ ពិធីនេះ ត្រូវបានធ្វើឡើងដោយ ពុទ្ធបរិស័ទភ្ញៀវកត្តិយស នមស្តារព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត សូត្រមន្ត និងសម្ដែងទេសនា លុះដល់ថ្ងៃទី៩ កញ្ញា វេលាម៉ោង០៩ព្រឹក ប្រគេបយាគូ ដល់ព្រះសង្ឃរាប់បាត្រ បង្សុកូល វេរភត្តាហា ប្រគេនព្រះសង្ឃនិងពហូទេវា ដាឆ្លងជាកិច្ចបង្ហើយបុណ្យ។
សូមរំលឹកដែរថា ពិធីប្រារព្ធកាន់បិណ្ឌ ត្រូវធ្វើឡើងចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ជាកាលបរិច្ឆេទ ដែលសន្មតទុកថាជា ថ្ងៃ បុណ្យភ្ជុំបិណ្ឌ។
សម្រាប់ពិធីបុណ្យនេះ នៅគ្រប់វត្តទូទាំង ប្រទេសមាន ឧបាសក ឧបាសិកា មហាជន មូលមីរគ្រឹកគគ្រេង ធ្វើឱ្យបរិយាកាសនៅក្នុងវត្តមានភាពឱឡារិក អធិកអធមក្រៃលែង សំឡេងភ្លេងពិណពាទ្យ ឬភ្លេងប្រពៃណី បានបន្លឺរងំរណ្តំ ពីរោះត្រជាក់ដល់សោតិន្ទ្រិយារម្មណ៍និ គួរឱ្យរំភើបរីករាយ ពន់ប្រមាណ។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី បានប្រគេនប័្ចយ និងគ្រឿងឧបភោគ បរិភោគ ដល់វត្ត មានថវិកា ចំនួន២៣លាន ៤២ម៉ឺនរៀល និងលុយដុល្លារ ចំនួន១៤៥០ដុល្លារ ប្រគេនចៅអធិការវត្តចំនួន ៤០ម៉ឺរៀល គ្រូសូត្រឆ្វេង និងស្ដាំមួយអង្គ ២០ម៉ឺនរៀល ប្រគេនព្រះសង្ឃទេសនា ២០ម៉ឺនរៀល ប្រគេនដល់អាចារ្យ ២០ម៉ឺនរៀល ប្រគេនព្រះសង្ឃ ចំនួន៣០អង្គ ក្នុងមួយអង្គ ៥ម៉ឺនរៀល សិស្សនិស្សិត ១៥នាក់ ក្នុងម្នាក់ៗ ១ម៉ឺនរៀល ស្លាដក់ ៣៤ ផ្លែឈើ ៣៥កន្ត្រក ក្រណាត់ស ៥០ដុំ ទឹកក្រូច ៥០កេស ទឹកសុទ្ធ ៥០កេស មី ២០កេស អង្ករ ១០០គីឡូក្រាម ទឹកដោះគោខាប់ ១កេស និងត្រីខ១កេស៕










