ភ្នំពេញ ៖ ស្នងការនគរបាល ខេត្តឧត្តរមានជ័យ លោក ម៉ែន លី ត្រូវបានផ្ទេរភារកិច្ច មកជាស្នងការថ្មី នៃ ស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំ ជំនួសលោក អ៊ុក កុសល ដែលត្រូវបានដកតំណែង ក្រោយរកឃើញថា បានបៀតបៀនកេរ្តិ៍ខ្មាស លើក្រុមនគរបាលជាស្ត្រី។
ក្នុងនោះលោក ហួត សុធី ស្នងការរង នគរបាលខេត្តសៀមរាប ត្រូវបានតែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋានខេត្តឧត្តរមានជ័យ ។
ការផ្លាស់ប្តូរការងារនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅសាលាខេត្តឧត្តរមានជ័យ។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ ក្រសួងមហាផ្ទៃ បានសម្រេចដកតំណែងលោក អ៊ុក កុសល ពីស្នងការ នគរបាលខេត្តកំពង់ធំ ក្រោយរកឃើញថា ពិតជាបាន ប្រព្រឹត្តអំពើបៀតបៀនកេរ្តិ៍ខ្មាស ទៅលើមន្ត្រីនគរបាលជាស្ត្រី ៕ ដោយ អេង ប៊ូឆេង