ព័ត៌មានជាតិ

Update៖ ប្រាក់ឈ្នួលអប្បរមាកម្មករ ឆ្នាំ២០២១ មានចំនួន ១៩២ដុល្លារ

ភ្នំពេញ៖ ប្រាក់ឈ្នួលអប្បរមាកម្មកនិយោជិត សម្រាប់ឆ្នាំ២០២១ មានចំនួន១៩០ ហើយរាជរដ្ឋាភិបាលសម្រេចបន្ថែម ២ដុល្លារទៀត គឺសរុបទាំងអស់១៩២ ខណៈ ឆ្នាំ២០២០ ប្រាក់ឈ្នួលកម្មករមានចំនួន ១៩០ដុល្លារ។

ប្រាក់ឈ្នួលនេះនឹងអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដល់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតផលស្បែកជើង ក្នុងមួយខែចំពោះកម្មករនិយោជិតពេញសិទ្ធិ និងចំនួន ១៨៧ដុល្លារ ក្នុងមួយខែ ចំពោះកម្មករនិយោជិតសាកល្បង។

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការចរចាប្រាក់ឈ្នួលឆ្នាំ២០២១នេះ អត់មានការបោះឆ្នោតកំណត់ ប្រាក់ឈ្នួលដូចរាល់ឆ្នាំទេ។

លោករដ្ឋមន្រ្តី ក៏បានអបអរសាទរផងដែរដល់កម្មករ ចំពោះប្រាក់ខែ១៩២ដុល្លារនេះដែលនឹងជួយ សម្រួលជីវភាពរស់នៅប្រចាំថ្ងៃពួកគេ។

ចំពោះតំណាងខាងសហជីពលោក អាត់ ធន់ បានថ្លែងដែរថា ការចរចាប្រាក់ឈ្នួលនេះ មានការលំបាក ដោយសារជួបវិបត្តិកូវីដ១៩។ តែប្រាក់ឈ្នួល១៩២នេះ លោកនឹងយកទៅពន្យល់កម្មករ ហើយចំពោះពួកគេយ៉ាងម៉េចនោះ ពួកគេអាចប្តឹងតវ៉ាបាន តែការធ្វើបាតុកម្ម ឬបាតុកម្មមិនយល់ព្រម នោះរាងលំបាកតិចហើយ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការងារគឺទន្ទឹមនឹងនេះ ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិតធ្លាប់ទទួលបាន កន្លងមកត្រូវបារក្សាទុកនៅដដែល ដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន៧ដុល្លារ ក្នុងមួយខែ។ ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារ ក្នុងមួយខែ ប្រាក់ថ្លៃបាយ សម្រាប់ការធ្វើការងារបន្ថែម ម៉ោងដោយស្ម័គ្រចិត្តចំនួន ២ពាន់រៀលក្នុងមួយថ្ងៃ ឬការទទួលបានបាយ មួយពេលដោយឥតគិតថ្លៃ និងប្រាក់រង្វាន់អតីតភាពការងារចំនួនពី២ ដុល្លារ ដល់១១ដុល្លារ ក្នុងមួយខែ សម្រាប់កម្មករនិយោជិតដែលបានធ្វើការចាប់ ពីឆ្នាំទី២ដល់ ឆ្នាំទី១១។

ដូចនេះ ជាមធ្យោបាយកម្មករនិយោជិតម្នាក់ៗនឹងទទួល បានប្រាក់បៀវវត្សយ៉ាងតិចចំនួន ២០៩ដុល្លារដល់ ២២០ដុល្លារ ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ដំឡើងប្រាក់ឈ្នួលដល់កម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌកាត់ ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងជារៀងរាល់ឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៩៩៧ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត មានចំនួនតែ ៤០ដុល្លារប៉ុណ្ណោះក្នុងមួយខែ រហូតដល់ឆ្នាំ២០២០នេះ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត នៅកម្ពុជាមានចំនួន ១៩០ដុល្លារក្នុងមួយខែ ៕

To Top