ព័ត៌មានជាតិ

ច្រកទ្វារព្រំដែនអន្ដរជាតិ ព្រៃវល្លិ៍ ស្វាយរៀង នឹងបើកយ៉ាងទូលំទូលាយ ដើម្បីជំរុញ ពាណិជ្ជកម្មរវាង កម្ពុជា-វៀតណាម

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីរដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ការបើកច្រកច្រកទ្វារព្រំដែនអន្តរជាតិ ព្រៃវល្លិ៍ នឹងបើកឱកាសយ៉ាងទូលំទូលាយ ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិរវាង កម្ពុជា-វៀតណាម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ បង្កើនការវិនិយោគ ជំរុញការធ្វើពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែន។

ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាព ការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ព្រៃវល្លិ៍ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ការចុះពិនិត្យវឌ្ឍនភាពការរៀបចំច្រកទ្វារព្រំដែន អន្តរជាតិ ព្រៃវល្លិ៍ នេះគឺដើម្បីរិះរកនីតិវិធី បើកច្រកព្រៃវល្លិ៍ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការដឹកជញ្ជូន ទំនិញឆ្លងកាត់ច្រកព្រំដែន កម្ពុជា-វៀតណាម និងកាត់បន្ថយការកកស្ទះចរាចរណ៍ នៅច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ ដែលបច្ចុប្បន្ន កំពុងធ្វើឲ្យរាំងស្ទះខ្សែ សង្វាក់ដឹកជញ្ជូនទំនិញ ខាតបង់ពេលវេលា និងថវិការបស់ប្រតិបត្តិករ។

លោក មានប្រសាសន៍ថា «ការបើកច្រកព្រំដែនត្រង់ចំណុចព្រៃវល្លិ៍ ស្វាយរៀង នឹងបើកឱកាសយ៉ាងទូលំទូលាយ ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងប្រទេស កម្ពុជា-វៀតណាម កាត់បន្ថយការកកស្ទះចរាចរណ៍ បង្កើនការវិនិយោគ ជំរុញការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន បង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងការទាក់ទាញភ្ញៀវទេសចរ ដែលកត្តាទាំងនេះ ជាកម្លាំងចលករយ៉ាងសំខាន់ មិនអាចខ្វះបាន ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមរបស់ប្រជាជាតិ»។

ឆ្លៀតឱកាសនោះលោក រដ្ឋមន្ដ្រីសាធារណការ ក៏បានលើកឡើងថា គម្រោងសាងសង់ពង្រីក និងលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិសំខាន់ៗនៅកម្ពុជា និងគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមាន ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ,ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ,ផ្លូវដែកតភ្ជាប់កម្ពុជា-វៀតណាម (ហូជីមិញ) ,ស្ពានស្ទឹងត្រង់ ,ស្ពានខេត្តក្រចេះ ,កំពង់ផែពហុបំណងខេត្តព្រះសីហនុ និងកំពង់ផែសមុទ្រទឹកជ្រៅ ដើម្បីជំរុញ និងលើកកម្ពស់វិស័យភស្តុភារកម្មកម្ពុជា ឲ្យទៅជាមជ្ឈមណ្ឌលភស្តុភារកម្ម និងជាឃ្លាំងស្តុកទំនិញ របស់ប្រទេសជិតខាង ដោយហេតុថា កម្ពុជាស្ថិតក្នុងភូមិសាស្ត្រ ដ៏មានអំណោយផលមួយក្នុងតំបន់ និងជាច្រកដឹកជញ្ជូនទំនិញពី វៀតណាម-កម្ពុជា-ថៃ៕

To Top