ព័ត៌មានជាតិ

នគរបាល ចុះចាប់ខ្លួនជនសង្ស័យម្នាក់តាមដីកា ពីបទប្លន់ប្រដាប់អាវុធ កាលពីឆ្នាំ២០០៩!

ពោធិ៍សាត់៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សហការនិងកម្លាំងនគរបាល នៃអធិការដ្ឋានស្រុកតាលោសែនជ័យ ចុះប្របតិបត្តិការចាប់ខ្លួន បានតាមដីកាបង្គាប់អោយចាប់ខ្លួន របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តពោធិ៍សាត់ លេខ២៩ ពស ចុះថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ ២០១០ ពីបទប្លន់ប្រដាប់អាវុធ ប្រព្រឹត្តឡើងកាលពីថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០០៩ ស្ថិតនៅភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ហើយបានរត់គេចខ្លួន ពីមូលដ្ឋានរយៈពេល១១ឆ្នាំ រហូតមកដល់ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២០ ទើបសមត្ថកិច្ចនគរបាល ស្រាវជ្រាវចាប់ខ្លួនបាន ជនសង្ស័យនោះតែម្តង។

ស្នងការរងទទួនផែនការងារ​ នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា បានអោយដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចនគរបាលចាប់ខ្លួន តាមដីកាបង្គាប់អោយចាប់ខ្លួន របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តពោធិ៍សាត់ ពីបទប្លន់ប្រដាប់អាវុធនោះ មានឈ្មោះសេង ឡៃ ភេទប្រុសអាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិសាត់។

លោកស្នងការរងដដែល ក៏បានអោយដឹងទៀតថា បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបង្កសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្តពោធិ៍សាត់ ចាត់ការបន្តទៅតាមនីតិវិធី៕

To Top