ព័ត៌មានជាតិ

កងទ័ពមួកខៀវកម្ពុជា ជាង ២០០នាក់ នឹងមកដល់កម្ពុជានៅថ្ងៃទី១៤ កញ្ញា ក្រោយបញ្ចប់បេសកកម្ម នៅម៉ាលី

ភ្នំពេញ ៖ កងទ័ពមួកខៀវកម្ពុជា ជាង ២០០នាក់ នឹងត្រឡប់មកដល់មាតុភូមិកម្ពុជាវិញ នៅថ្ងៃទី១៤ ខែកញ្ញា ខាងមុខនេះ ក្រោយបញ្ចប់បេសកកម្មរក្សាសន្តិភាព នៅប្រទេសម៉ាលី ។ ជុំវិញករណីនេះ មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកម្លាំងរក្សាសន្តិភាព នៅពេលនេះបានរៀបចំទីតាំងធ្វើចត្តាឡីស័ក ពិនិត្យ រកមេរោគ COVID-19 ចំនួន ២ កន្លែងធំៗរួចហើយ នៅក្នុងទឹកដីនៃខេត្តកំពង់ស្ពឺ ដើម្បីត្រៀមទទួល កងយោធាមួកខៀវកម្ពុជាទាំងអស់នេះ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធាន គណៈកម្មាធិការជាតិ និងជាអគ្គនាយមជ្ឈមណ្ឌល ជាតិ រក្សាសន្តិភាព បានឲ្យដឹងផងដែរថា ចំពោះមុខមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព មានទីតាំងធ្វើ ច ត្តាឡីស័ក លើទ័ពមួកខៀវ មកក្រៅប្រទេស ចំនួនពីរកន្លែង មានចំនួន ៩ អាគារធំៗ បន្ទប់ស្នាក់នៅធំៗ បង្អួច ខ្យល់ ចេញចូល បរិយាកាសល្អ ដាក់គ្រែចំនួន ៣ ទៅ ៤ គន្លាតពីគ្នា ប្រមាណ ២ កន្លះ ទៅ ៣ ម៉ែត្រ ក្នុងនោះ សម្រាប់មណ្ឌលចត្តាឡីស័ក នៅវិទ្យាស្ថានហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាព ( ឧដុង្គ ) គឺមានចំនួន ៧៩ គ្រែ និងនៅសាលាហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាព ពហុសាសន៍ ស្រុកភ្នំស្រួច មានចំនួន ១៦៨ គ្រែ សរុប ២៤៧ គ្រែ ។

លោក សែម សុវណ្ណនី បន្តថា នៅពេលនេះ យើងបានកែប្រែទម្រង់ នៃការរៀបចំធ្វើចត្តាឡីស័ក តាម បែបថ្មី ដែលអាចធានានូវផាសុកភាព ភាពអនាម័យ ជាពិសេស គឺការរក្សាគន្លាត គ្រែ នៅក្នុងកន្លែង ស្នាក់នៅ និងមានការប្រុងប្រយ័ត្ន បានខ្ពស់ជាងមុន ។

សូមបញ្ជាក់ថា នៅក្នុងឱកាសអញ្ជើញពិនិត្យទីតាំងចត្តាឡីស័ក មជ្ឈមណ្ឌលជាតិ របស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការ ជាតិ បញ្ជូនកងកម្លាំង និង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

សូមរំលឹកថា នៅដើមខែ កញ្ញា នេះលោក ម៉ម ប៊ុនហេង បានថ្លែងថា ទីតាំងធ្វើចត្តាឡីស័ក លើ ទ័ព មួក ខៀវ មកពីប្រទេសម៉ាលី របស់មជ្ឈមណ្ឌលជាតិ គឺមានភាពស្អាត អនាម័យល្អ និង ស្របតាម ស្តង់ដារ ដែលក្រសួងសុខាភិបាល បានកំណត់ ៕

To Top