ព័ត៌មានជាតិ

ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ស្វាយរៀង អំពាវនាវឲ្យសមាជិកបក្ស រួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩

ស្វាយរៀង៖លោកកែ រដ្ឋា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្តចុះជួយសង្កាត់ស្វាយរៀងបានអំពាវនាវដល់សមាជិកសមាជិកាគណបក្សនិងអាជ្ញាធរដែនដីកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ ត្រូវធ្វើការបង្ការទប់ស្កាត់ដោយផ្ដើមចេញពីការធ្វើអនាម័យជាប្រចាំ ហើយត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងស្តាប់តាមការណែនាំរបស់ ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនទោះបីប្រទេសកម្ពុជាយើងមានសភាពធូរស្រាលហើយក្តីតែមិនត្រូវធ្វេសប្រហែសនោះឡើយ។

ការថ្លែងបែបនេះនៅក្នុងពិធីសំណេះសំណាល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនិងចែកសម្ភារអនាម័យជូនដល់សមាជិកសមាជិកាគណបក្សនិងកម្លាំងប្រជាការពារភូមិនៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី ១៣ខែកញ្ញា ឆ្នាំ២០២០ ដែលមានការចូលរួមពីសមាជិកបក្ស និងកងកម្លាំងប្រជាការពារភូមិជាច្រើនរូបផងដែរ។

នៅក្នុងឪកាសលោកកែ រដ្ឋាបានថ្លែងពាំនាំនូវការសាកសួរសុខទុក្ខពីសណាក់លោកស្រីគតិសង្គហបណ្ឌិតម៉ែន សំអន ប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀងជូនដល់សមាជិកសមាជិកាគណបក្សនិងកម្លាំងប្រជាការពារភូមិផងដែរ។

លោកបានបន្តថា ក្នុងនាមប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយរៀង សូមថ្លែងអំណរគុណដល់ក្រុមប្រឹក្សាសង្កាត់ សមាជិកសមាជិកា អាជ្ញាធរដែនដីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបង្កា ទប់ស្កាត់និងប្រយុទ្ធនឹងជំងឺកូវីដ១៩មិនឲ្យជំងឺនេះឆ្លងដល់សហគមន៍នោះឡើយ។

លោកកែវ រដ្ឋាបានជំរុញដល់សមាជិកសមាជិការគណបក្សត្រូវបន្តធ្វើអំពើល្អជាមួយប្រជាពលរដ្ឋនិងដោះស្រាយរាល់សំណូមពរចំណុចប្រឈមនានានៅក្នុងមូលដ្ឋានឲ្យបានល្អប្រសើរគឺធ្វើយ៉ាងណាមិនឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់នោះឡើយជាពិសេសត្រូវជួយដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាត។

លោកលោកកែ រដ្ឋាបានថ្លែងផ្ដាំផ្ញើដល់សមាជិកបក្សទាំងអស់អាជ្ញាធរដែនដីកម្លាំងប្រជាការពារភូមិត្រូវអប់រំកូនចៅឲ្យចៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និងរួមគ្នាគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងត្រូវការពារ សន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ដើម្បីធ្វើយ៉ាងណាឲ្យពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនា និងត្រូវបង្កើនការដាំដំណាំរួមផ្សំចិញ្ចឹមសត្វឲ្យបានច្រើនក្នុងអំឡុងពេលកូវីដ១៩នេះផងដែរ។

ជាមួយគ្នានោះដែរ លោកកែ រដ្ឋាបានបញ្ជាក់ជូនអំពីតួនាទីភារកិច្ចរបស់កម្លាំងប្រជា​ការពារ​ភូមិថា កម្លាំង​ប្រជា​ការពារ​គឺជា​កម្លាំង​ស្ម័គ្រចិត្ត​ក្នុង​ការ​ចូលរួម​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ប៉ុស្តិ៍​រដ្ឋបាល​ក្នុង​ការ​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។រាល់​កើត​មាន​សភាពការណ៍​នៃ​បទល្មើស​ជាក់ស្តែង​កម្លាំង​ប្រជា​ការពារ​គឺ​ត្រូវ​មាន​ភារកិច្ច​បង្ក្រាប​ចាប់​ជន​ប្រព្រឹត្ត​ល្មើស​យក​ទៅ​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ឬ​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ ដើម្បី​មាន​វិធានការ​ក្នុង​ការ​សាកសួរ​ចម្លើយ និង​រៀបចំ​សំណុំរឿង​តាម​និ​តិ​វិធី​ច្បាប់។

សូមបញ្ជាក់ថានៅក្នុងពិធីសំណេះសំណាលនេះក៏មានមន្ត្រីជំនាញសុខាភិបាលក៏បានធ្វើការផ្សព្វផ្សាយអំពីវិធានការការពារនិងបង្ការទប់ស្កាត់ជំងឺកូវីដ១៩ដល់សមាជិកបក្សនិងប្រជាការពារភូមិផងដែរ។

ក្នុងឪកាសនោះលោកប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់ស្វាយរៀងបានឧបត្ថម្ភសម្ភារៈអនាម័យនិងថវិកាដល់សមាជិកបក្ស កម្លាំងប្រជាការពារភូមិ កម្លាំងនគរបាលប៉ុស្តិ៍ ក្រុមប្រឹក្សាសង្កាត់ដែលសរុបថវិកាអស់ប៉ុន្មាន៥លានរៀល៕

To Top