ព័ត៌មានជាតិ

ទូតជប៉ុន កោតសរសើរកម្ពុជា មានស្ថេរភាព នយោបាយ និងអភិវឌ្ឍន៍ លើគ្រប់វិស័យ

ភ្នំពេញ ៖ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានកោតសរសើរកម្ពុជា ដែលមានសន្ដិភាព និងស្ថេរភាព នយោបាយ ព្រមទាំងមានការអភិវឌ្ឍ លើគ្រប់វិស័យ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ឧបនាយក រដ្ឋមន្ត្រីហោ ណាំហុង។

ក្នុងជំនួបពិភាក្សាការងារ ជាមួយឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ មានប្រសាសន៍ថា «ក្នុងរយៈពេលមួយឆ្នាំ មកបំពេញការងារនៅកម្ពុជា បានកត់សម្គាល់ និងសូមកោតសរសើរទៅលើការទប់ស្កាត់នឹងជំងឺកូវីដ-១៩ ក្រោមការដឹកនាំផ្ទាល់ របស់សម្ដេចតេជោ ហ៊ុន សែន ជាពិសេសកោតសរសើរកម្ពុជាដែលមានសន្ដិភាព និងស្ថេរភាពនយោបាយ ធ្វើឲ្យមានការ រីកចម្រើនសេដ្ឋកិច្ច និងការអភិវឌ្ឍ លើគ្រប់វិស័យនៅកម្ពុជា»។

ឆ្លៀតឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុងក៏បានបញ្ជាក់ថា រហូតមកដល់សព្វថ្ងៃកម្ពុជា-ជប៉ុន មានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ល្អប្រសើរ ហើយរដ្ឋាភិបាលជប៉ុន តែងតែផ្ដល់ការគាំទ្រ និងជំនួយដល់កម្ពុជាលើគ្រប់វិស័យ ដែលបាន រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ឧបនាយករដ្ឋមន្ត្រីបន្ដទៀតថា ទោះជានាយករដ្ឋមន្ត្រីជប៉ុនថ្មី ក៏ដោយដែលនឹងចូលកាន់ តំណែងក្នុងពេលឆាប់ៗខាងមុខនេះ ក៏ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិ បត្តិការដ៏ជិតស្និតរវាងកម្ពុជានិងជប៉ុនក៏នៅតែបន្ដរីកចម្រើនលើគ្រប់វិស័យ។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានសំណូមពរឲ្យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរធ្វើយ៉ាងណា ឲ្យកាន់តែមានទំហំធំធេងថែមទៀតដើម្បីសមស្របនឹង សក្ដានុពលសេដ្ឋកិច្ច នៃប្រទេសទាំង២ ព្រមទាំងវិនិយោគជប៉ុននៅកម្ពុជា ៕

ដោយ ៖ អេង ប៊ូឆេង

To Top