កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា កន្លែងបាក់ស្រុតសួនច្បារមាត់ទន្លេ នឹងចាប់ផ្ដើមសាងសង់ឡើងវិញនៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២០ នាងមុខនេះ ។
លោកអភិបាលខេត្ត បានថ្លែងប្រាប់ដូច្នេះនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ខណៈពេលចុះពិនិត្យ កន្លែងបាក់ស្រុតសួនច្បារមាត់ទន្លេ ស្ថិតក្នុងសង្កាត់វាលវង់ក្រុងកំពង់ចាម ។
សូមរំលឹកផងដែរថា សួនច្បារនៅមាត់ ទន្លេក្នុងក្រុងកំពង់ចាម បានបាក់ស្រុត នៅវេលាម៉ោងប្រមាណជាង១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២០ ហើយការបាក់ស្រុតនេះ មិនបណ្ដាលឱ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតប្រជាពលរដ្ឋនោះទេ ។
បើតាមមន្ត្រីសាលាក្រុងកំពង់ចាម បានឲ្យ ដឹងថា ក្រោយកើតហេតុនោះភ្លាមៗ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាឱ្យមន្រ្តី នៃមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្ត ចុះសិក្សាជាបន្ទាន់ ដើម្បីរកមូលហេតុ នៃការបាត់ស្រុតសួនច្បារនោះ។
ជាលទ្ធផល តាមការសន្និដ្ឋានរបស់មន្ត្រីជំនាញថា ការបាក់ស្រុតនេះអាចបណ្តាលមកពីប្រព័ន្ធលូបង្ហូរ ទឹកចេញពីក្រុងកំពង់ចាម ចូលក្នុងទន្លេមានសភាពចាស់ទ្រុឌទ្រោម គឺជាប្រព័ន្ធលូសាងសង់ តាំងពីសង្គមចាស់មកម្លេះ ហើយមុនពេលកើតហេតុ ក៏មានភ្លៀងធ្លាក់ខ្លាំង នៅក្នុងក្រុងកំពង់ចាមនេះផងដែរ ។
ប៉ុន្តែយ៉ាងណាក៏ដោយ បន្ទាប់ពីការចុះពិនិត្យ និងទទួលព័ត៌មានពីការស្រាវជ្រាវរបស់មន្ត្រីជំនាញពាក់ព័ន្ធ លោកអភិបាលខេត្តកំពង់ចាម បានសម្រេចរៀបចំស្ថាបនាឡើងវិញនៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២០ខាងមុខនេះ នៅចំណុចសួនច្បារមាត់ច្រាំងទន្លេ ដែលបានបាក់ស្រុតនោះ ៕