ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា យុវជន ពិតជាដើរតួនាទីយ៉ាងសំខាន់ គឺជាកម្លាំងចលករជំរុញឲ្យមានការប្រែក្លាយ ពីចំណេះដឹងអំពីបរិស្ថាន ដែលប្រជាពលរដ្ឋមាន ទៅជាប្រតិបត្តិមេត្រីភាពបរិស្ថាន ដើម្បីធ្វើឲ្យកម្ពុជាបៃតង។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន។
ក្នុងសិក្ខាសាលាបញ្រ្ជាបលិខិតបទដ្ឋានគតិយុត្តមេត្រីភាពបរិស្ថាន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា «យុវជនពិតជាដើរតួនាទីសំខាន់ជាកម្លាំងចលករជំរុញឲ្យ មានការប្រែក្លាយពីចំណេះដឹងអំពីបរិស្ថានដែលប្រជាពលរដ្ឋ មានទៅជាប្រតិបត្តិមេត្រីភាពបរិស្ថាន ដើម្បីធ្វើឲ្យកម្ពុជាបៃតង មានបរិស្ថានស្អាតមានផាសុកភាព និងសោភ័ណភាពសម្រាប់ការ រស់នៅរបស់ពលរដ្ឋខ្មែរ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងបន្ថែមទៀត»។
លោកបន្ដថា ក្រសួងបរិស្ថានតែងតែលើកទឹកចិត្ត និងផ្តល់នូវសេចក្តីគោរពសរសើរចំពោះរូបវន្តបុគ្គល និងនីតិបុគ្គល ទាំងឡាយដែលបានប្រតិបត្តិមេត្រីភាពបរិស្ថានបានល្អប្រសើរ និងលើកទឹកចិត្តដល់ប្រជា ពលរដ្ឋដទៃទៀត ដែលចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានពោល គឺចូលរួមសម្អាតអនាម័យបរិស្ថាន ទុក ដាក់វេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ។
លោកបន្ថែមថា ពលរដ្ឋគ្រប់រូបមានភារកិច្ចចូលរួមសម្អាតបរិស្ថានជុំវិញខ្លួន និងចូលរួមថែរក្សាធនធាន ធម្មជាតិដែលមាន ហើយការលើកទឹកចិត្តចំពោះអ្នកដែលបានប្រតិបត្តិមេត្រីភាពបរិស្ថានល្អ គឺជាភាពចាំបាច់ ដើម្បីជំរុញ បំផុសស្មារតីស្រឡាញ់បរិស្ថានឲ្យកាន់តែច្រើនទៀត នៅក្នុងចំណោមប្រជាពលរដ្ឋ។
ជាងនេះទៅទៀត មន្ត្រីនាំពាក្យក្រសួងបរិស្ថាន ក៏បានលើកឡើងថា កម្ពុជាសម្បូណ៌ដោយបេតិក ភណ្ឌវប្បធម៌ ធម្មជាតិ មានរមណីយដ្ឋានទេសចរណ៍ជាច្រើនដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរ ជាតិឲ្យមកទស្សនាហើយបរិស្ថានស្ថាន ទេសភាពល្អស្អាតមិនបំពុលដោយសំណល់សំរាម សំណល់ ប្លាស្ទិក និងបរិស្ថានកខ្វក់ នឹងកាន់តែទាក់ទាញភ្ញៀវទេសចរថែមទៀត៕



