ព័ត៌មានជាតិ

កម្ពុជា-វៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសារព័ត៌មាន

ភ្នំពេញ៖ កម្ពុជា និងវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាលើវិស័យសារព័ត៌មាន ដើម្បីផលិតកម្មវិធីផ្សាយរបស់វិទ្យុ និងទូរទស្សន៍ ឲ្យកាន់តែបានល្អបន្ថែមទៀត។ នេះបើយោង តាមការចេញផ្សាយរបស់ ក្រសួងព័ត៌មាន។

ក្នុងកិច្ចប្រជុំទ្វេភាគី រវាងក្រសួងព័ត៌មានកម្ពុជា និងវិទ្យុសំឡេងវៀតណាម (VOV) ស្តីពី កិច្ចសហប្រតិបត្តិការ លើវិស័យសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍ថា «កិច្ចប្រជុំទ្វេភាគីនេះ មានគម្រោងពង្រឹងការផលិតកម្មវិធីផ្សាយ កែលម្អឯកសារ និងរក្សាទុកឯកសារសំខាន់ៗ របស់វិទ្យុ និងទូរទស្សន៍ឲ្យបានល្អ»។

លោកបានវាយតំលៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យព័ត៌មាន រវាងកម្ពុជានិងវៀតណាម ដែលជាមូលដ្ឋានមួយ ជួយពង្រឹងដល់កិច្ចសហការ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ។

លោកបន្ថែមថា នៅឆ្នាំ២០២១ខាងមុខ វៀតណាមបានធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម ហើយនៅឆ្នាំ២០២៣ កម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេមនេះដែរ។ ដូច្នេះកម្ពុជានឹងបញ្ជូនមន្រ្តីជំនាញ ទៅធ្វើការសិក្សា អំពីការថត និងយកព័ត៌មាននៃការប្រកួតកីឡាស៊ីហ្គេមនោះ ដើម្បីជាបទពិសោធន៍ សម្រាប់ស៊ីហ្គេម នៅកម្ពុជា។

ចំណែកលោក ង្វៀន ថេគី អគ្គនាយកវិទ្យុសំលេងវៀតណាម VOV បានលើកឡើងថា គម្រោងសំខាន់ៗនៃ កិច្ចសហប្រតិបត្តិការនេះ ត្រូវបានអនុវត្តន៍រួចមកហើយ ក្នុងរយៈពេលកន្លងមក និងបន្តអនុវត្តន៍នៅពេលខាងមុខទៀត ទាំងលើការងារបណ្តុះបណ្តាល ធនធានមនុស្ស ការផលិតកម្មវិធីថ្មីៗ រួមទាំងបទចម្រៀងពីរោះៗ ដែលបានបកប្រែជាភាសាវៀតណាម និងភាសាខ្មែរ ហើយយកមកចាក់ផ្សាយនៅក្នុង ប្រពន្ធ័ផ្សព្វផ្សាយនៃប្រទេសទាំងពីរ ៕

To Top