ព័ត៌មានជាតិ

ក្រសួងសុខាភិបាល៖ មកទល់ពេលនេះ ព្រះសង្ឃឆ្លងជំងឺផ្ដាសាយធំ បានព្យាបាលជាសះស្បើយ ស្ទើរតែទាំងអស់

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ព្រះសង្ឃឆ្លងជំងឺផ្ដាសាយធំ បានព្យាបាលជាសះស្បើយ ស្ទើរតែទាំងអស់ ខណៈព្រះសង្ឃផ្សេងៗទៀត មានស្ថានភាពធូរស្រាលហើយ។

លោកស្រី ឱ វណ្ណឌីន បានសរសេរនៅក្នុងតេឡេក្រាម គ្រុបអ្នកសារព័ត៌មាន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ថា ខេត្តចំនួន៤ រួមមាន ៖ តាកែវ  ត្បូងឃ្មុំ  បាត់ដំបង  និងបន្ទាយមានជ័យ ដែល មានព្រះសង្ឃឆ្លងជំងឺផ្ដាសាយធំ ហើយមានព្រះសង្ឃជាង ១២០អង្គហើយ ដែលឆ្លងជំងផ្តាសាយធំ។ 

លោកស្រីបញ្ជាក់ថា ««ព្រះសង្ឃដែលអាពាធស្ទើរតែទាំងអស់ បានព្យាបាលជាសះស្បើយហើយ  នៅសេស សល់ចំនួនតិចតួចប៉ុណ្ណោះ ដែលនៅបន្តការព្យាបាល តែស្ថានភាពបានធូរស្រាល ហើយដែរ»។

លោកស្រី រៀបរាប់ថា កត្តាដែលឲ្យមានបញ្ហាសុខភាព បែបនេះ  គឺមានកត្តាជាច្រើន ដូចជា  ការប្រែប្រួលអាកាសធាតុ ការវិវត្តបម្រែបំរួលនៃវីរុស ឫមេរោគផ្សេងៗ នៅក្នុងបរិស្ថាន ដែលផ្តល់អំណោយផលគួបផ្សំនឹង ការបម្រែបម្រួលអាកាសធាតុ  ឫមានការប៉ះពាល់ជាមួយពពួកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ  និងពពួកសត្វបក្សី  ដែលអាចចម្លងវីរុសណាមួយមកបុគ្គល ឫការបរិភោគពពួកសត្វទាំងនេះដែលចម្អិនមិនបានច្អិន  និងមានកង្វះការអនុវត្តអនាម័យដៃ  និងខ្លួនប្រាណ  ឆ្លងតាមការក្អកកណ្តាស់  ដែលមិនបានខ្ទប់មាត់និងច្រមុះបានត្រឹមត្រូវ ឫឆ្លងតាមការប៉ះពាល់ទឹកផ្លូវដង្ហើមអ្នកដែលឈឺ  ជាដើម។ 

ជាងនេះទៅទៀត អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានអំពាវនាវ ប្រជាពលរដ្ឋ ព្រមទាំងព្រះសង្ឃ  និងគណកម្មការវត្តទូទាំងប្រទេសកម្ពុជា ចូលរួមអនុវត្តន៍វិធានការ ដូចជា ៖ ត្រូវមានអនាម័យខ្លួន ប្រាណ ជាពិសេសអនាម័យដៃឲ្យ បានស្អាតជាប់ជានិច្ច  ដោយលាងសម្អាតឲ្យបានញឹកញាប់តាម បច្ចេកទេសណែនាំរបស់ក្រសួងសុខាភិបាល, ប្រើម៉ាស់ក្នុងករណីចាំបាច់  ជាពិសេស ត្រូវពាក់ម៉ាស់ពេលចូលក្នុងទីវត្តអារ៉ាម  ឫកន្លែងដែលមានមនុស្សម្នាច្រើន ,ត្រូវចេះរក្សាគម្លាតសុវត្ថិភាព ជាដើម៕

To Top