ភ្នំពេញ ៖ សម្រាប់ថ្ងៃទី១ នៃឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរត្រូវនឹង ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ មានប្រជាពលរដ្ឋ និង ជនបរទេស ដែលបានដើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍នានា ទូទាំងប្រទេស មានចំនួនប្រមាណ ២១៧.៩៣២នាក់ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន២១៥.៩៤១ នាក់ ចំណែកភ្ញៀវបរទេស មានចំនួន១.៩៩១ នាក់។
យោងតាមគេហទំព័រ ហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា ជាការកត់សម្គាល់ សម្រាប់ថ្ងៃឈប់ សម្រាកទី១នេះ សភាពការណ៍ទេសចរណ៍ ជារួម រាប់តាំងពីសន្តិសុខ សណ្តាប់ធ្នាប់ និងការដើរកម្សាន្តរបស់ភ្ញៀវទេសចរ មានភាពល្អប្រសើរធម្មតា និងមិនមានបញ្ហាធំដុំណាមួយកើតឡើងទេ។
គណៈបញ្ជាការឯកភាព រាជធានីខេត្ត បានចាត់តាំង ក្រុមការងារចុះត្រួតពិនិត្យ និងណែនាំជាប្រចាំ ក្នុងនោះមន្ទីរទេសចរណ៍ក៏បានចុះផ្ទាល់ ដល់មូលដ្ឋានអាជីវកម្ម និងគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីណែនាំដ ល់ការធានា ការផ្តល់សេវាទេសចរណ៍ ប្រកបដោយគុណភាព តំលៃសមរម្យ ហើយគោលដៅ ទេសចរណ៍ទាំងអស់ បានបន្តពង្រឹង ការអនុវត្ត វិធានសុវត្ថិភាពទេសចរណ៍ ក្នុងការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍៕






