ភ្នំពេញ៖ លោកស្រី Portia Clare Stratton ប្រធានគម្រោងសកម្មភាពមីន នៃជំនួយប្រជាជនន័រវេស្ស (NPA) បានថ្លែងថា រដ្ឋាភិបាលន័រវេស្ស នឹងបន្តជួយគាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារ បោសសម្អាតមីនមនុស្សធម៌ ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា គ្មានមីន នៅឆ្នាំ២០២៥ ខាងមុខ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក អាជ្ញាធរមីន។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី Portia Stratton បានកោតសរសើរ រាជរដ្ឋាភិបាលកម្ពុជាដែលមានឆន្ទៈ និងគោលដៅច្បាស់លាស់ ដើម្បីដោះស្រាយសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។
លោកស្រីបញ្ជាក់ថា «ការតាំងចិត្តរបស់រាជរដ្ឋាភិបាល និងប្រជាជនន័រវេស្ស តាមរយៈអង្គការ NPA នឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ក្នុងការងារបោសសម្អាតមីនមនុស្ស ធម៌ ស្របតាមគោលដៅ របស់រាជរដ្ឋាភិបាលកម្ពុជា គ្មានមីននៅឆ្នាំ២០២៥»។
ឆ្លៀតឱកាសនោះដែរ លោក លី ធុជ បានលើកឡើងថា អង្គការ NPA បានចូលរួមការងារសកម្មភាព មីននៅកម្ពុជា អស់រយៈពេលជាងទសវត្សរ៍ ក្នុងនោះ រួមមានការ បោសសម្អាតមីន និងគ្រាប់បែកចង្កោម ការលើកកម្ពស់សមត្ថភាពថ្នាក់ជាតិ និងការបង្ហាត់សុនខហិតមីននៅកម្ពុជាផងដែរ៕
ដោយ៖ អេង ប៊ូឆេង