ព័ត៌មានជាតិ

កងទ័ពអាកាស អាមេរិកកំពុង តេស្តយន្តហោះចម្បាំង ជំនាន់ថ្មី

បរទេស៖ កងកម្លាំងទ័ពជើងអាកាស សហរដ្ឋអាមេរិក បានធ្វើការបញ្ជាក់ នៅថ្ងៃចន្ទសប្ដាហ៍នេះថា ខ្លួនបានរចនាផលិត និងហោះហើរយ៉ាងហោចណាស់ គម្រូយន្តហោះចម្បាំងជំនាន់ថ្មីរបស់ខ្លួនមួយគ្រឿង នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។

លោក Will Roper ជាប្រធានផ្នែកទិញរបស់កងកម្លាំង ទ័ពអាកាសអាមេរិក បាននិយាយប្រាប់កាសែត Defence News ថា “យើងបានផលិតនិងហោះហើររួចហើយជាទ្រង់ទ្រាយធំក្នុងពិភពលោកពិត ហើយយើងបានបំបែកកំណត់ត្រាក្នុងការធ្វើវា។ យើងត្រៀមខ្លួនបន្តនិងធ្វើការផលិតយន្តហោះ ជំនាន់ថ្មី ក្នុងផ្លូវមួយដែលមិនធ្លាប់មានពីមុនមក”។

គួរបញ្ជាក់ថា ការអភិវឌ្ឍផលិតគម្រូយន្តហោះចម្បាំងនេះ គឺត្រូវបានធ្វើឡើងដោយសម្ងាត់ ហើយសេចក្តីលម្អិតផ្សេងទៀត នឹងទំនងនៅតែស្ថិតក្រោមលាក់បាំងនៅឡើយ ដោយសារតែការចាត់ថ្នាក់របស់កម្មវិធីគ្រប់ដណ្ដប់ផ្នែកដែនអាកាសជំនាន់ថ្មីរបស់កងទ័ពអាកាស ទាក់ទងជាមួយប្រព័ន្ធសង្គ្រាមដែនអាកាស ដែលអាចរួមបញ្ចូលទាំងយន្តហោះចម្បាំង កូនដ្រូន និងប្រព័ន្ធផ្សេងទៀត៕ ប្រែសម្រួល៖ប៉ាង កុង

To Top