ជាទូទៅ មេដឹកនាំប្រទេសនីមួយៗក្នុងពិភពលោក រាប់ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង តែងតែក្តាប់យ៉ាងណែន ក្នុងដៃការងារពត៍មាននិង ចារកម្មនិងក៍ជាអ្នកដឹកនាំផ្ទាល់ បណ្តាញចារកម្ម នៅក្នុងប្រទេសរបស់ខ្លួនដែរ។ គេមិនអាចដឹងបានទេថា តើនរណាខ្លះជាភ្នាក់ងារព័ត៌មាននិងជាបណ្តាញ ចារកម្មដែលបម្រើឲ្យរដ្ឋាភិបាល ពីព្រោះបណ្តាញចារកម្មមាន នៅគ្រប់ទិសទីមិនថា ក្នុងគណបក្សផ្ទាល់ខ្លួន រឺក៍មជ្ឈដ្ឋានក្រុមប្រឆាំង, អង្គការសង្គមស៊ីវិល ឬអង្គការអន្តរជាតិនោះឡើយ រាប់ទាំងបណ្តាញសារព័ត៌មានផងដែរ។ ជាពិសេសមេដឹកនាំប្រទេស ដែលកាន់អំណាចជាង ៤០ឆ្នាំ ដូចលោក ហ៊ុន សែន ពិតជាមានបណ្តាញភ្នាក់ងារព័ត៌មាន និងចារកម្មរបស់ខ្លួនគ្រប់ទិសទី ទាំងនៅក្នុងនិងក្រៅប្រទេស។
ហេតុដូច្នេះហើយបានជារាល់ផែនការ និងសកម្មភាពដែលជាប់ពាក់ព័ន្ធ ហើយអាចប៉ះពាល់ដល់សន្តិសុខ សង្គមនិងសន្តិសុខជាតិត្រូវបាន រដ្ឋាភិបាលក្តាប់បានយ៉ាងណែនក្នុងដៃ និងចាត់វិធានការ បានទាន់ពេលវេលានិងមានប្រសិទ្ធភាព។
គេនៅចាំបានថា លោក ហ៊ុន សែន ធ្លាប់បានប្រកាសជាសាធារណៈថា គ្មានអ្វីដែល លោកមិនដឹងជាមុននោះឡើយ «សូម្បីតែដេកថ្ងូរក្នុងបន្ទប់» ក៏លោកដឹងបានដែរ។ លោក ហ៊ុន សែន ក៏ធ្លាប់ប្រាប់ឲ្យដឹងដែរថា សូម្បីអត្ថបទសារព័ត៌មានខ្លះ ក៏លោកបានដឹងតាំងពីមុនពេល ចេញផ្សាយទៅទៀត។
ជាងនេះទៅទៀត លោក ហ៊ុន សែន ក៍ធ្លាប់ប្រកាសជាសាធារណៈ រំលឹកចំពោះអ្នកដែល មានគំនឹត រឺ មហិច្ឆតាចង់ផ្តួលលោក រឺ ផ្កួលគណបក្សរបស់លោកថា «សូមប្រយ័ត្នមេមាន់បណ្តើរកូនទា »ហើយ លោក ហ៊ុន សែនក៍ធ្លាប់ប្រមានដែរថា «មិនអោយមានរដ្ធប្រហារដូច ១៨មិនា១៩៧០ ឡើយនៅពេលលោកនៅកាន់អំណាច»។
ដូច្នេះសំណួរដ៏សំខាន់បំផុតនៅទីនេះគឺ « តើនរណាខ្លះជាភ្នាក់ងារ ឬបណ្តាញចារកម្ម របស់លោក ហ៊ុន សែន? «តើការទម្លាយសម្លេងសន្ទនា សម្ងាត់រវាងលោក ហ៊ុន ម៉ាណែត និង ជុន ចន្ទ្របុត្រនេះជាសំលេងទាំងស្រុង រឺក៍មាននៅ រក្សាទុកសំលេងផ្សេងទៀត » ដើម្បីទុកបញ្ជេញសំរាប់
យថាហេតុផ្សេងៗ ដូចជាក្នុងករណីដែលមានការក្បត់ រឺ ចារកម្មឡង (Double Agent) ។ល។
ខ្ញុំជឿជាក់ថា គ្មាននរណាអាចឆ្លើយបានទេ ប៉ុន្តែអ្វីដែលគេអាចដឹងបានគឺ ភ្នាក់ងារនិងបណ្តាញចារកម្មរបស់លោក ហ៊ុន សែន មានច្រើននិងមាននៅគ្រប់ទិស ទី គ្រប់ច្រល្ហកសូម្បីតែក្បែរខ្លួនមេបក្សប្រឆាំង ហើយជួនកាល ទៀត សូម្បីតែអ្នកនិយាយប្រឆាំងកប់ៗមាត់រឺប្រមាថ មាក់ងាយលោកហ៊ុន សែនក៏ នៅតែអាចជាបណ្តាញចារកម្ម របស់គាត់ដែរ។
នៅក្នុងវិស័យសារព័ត៌មាន ជុន ច័ន្ទបុត្រ ដែលខំនិយាយរិះគន់ វាយប្រហារលោក ហ៊ុន សែន ខ្លាំងៗ ដែលមើលទៅហាក់ដូចជា អ្នកសារព័ត៌មានប្រឆាំងដ៏ខ្លាំងក្លាម្នាក់នោះ ក៏ជួនកាលអាចគ្រាន់ តែជាល្បែងឆ្ពិនភ្នែកដើម្បី ធ្វើឲ្យក្រុមប្រឆាំងទុកចិត្តប៉ុណ្ណោះ។
អ្វីដែលជាចំណុចគួរឲ្យចាប់អារម្មណ៍បំផុត សម្រាប់ករណីជុនច័ន្តបុត្រនេះ គឺ ហេតុអ្វីសុខៗបានជាបុគ្គលដែល មើលទៅដូចជាស្អប់លោក ហ៊ុន សែន ណាស់, ស្អប់គ្រួសារត្រកូលហ៊ុនណាស់ តែបែរជា ស្វះស្វែងរកជួបលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន ជាសម្ងាត់ទៅវិញ? តើមាន នរណាខ្លះបានដឹងព័ត៌មាននេះ នៅមុនពេលដែលគេទម្លាយឲ្យដឹង?
ក្រៅពីការផ្តល់ព័ត៌មានសម្ងាត់ឲ្យលោក ហ៊ុន សែន ហើយ ជុន ច័ន្ទបុត្រ ក៏នៅប្រើប្រាស់វិទ្យុអាស៊ីសេរី ដើម្បីវែកមុខបុគ្គលក្នុងក្រុម រឺបក្សប្រឆាំងជ្រុលនិយមជាបន្តបន្ទាប់ ដើម្បីឲ្យអាជ្ញាធរអាចកំណត់ អត្តសញ្ញាណបានផងដែរ។ អ្វីដែលជាក់ស្តែងនៃការសហការ ជាសម្ងាត់ដើម្បីជួយរដ្ធាភិបាល ( Theory or Conspiracy) យើងអាចធ្វើការសំគាល់បានគឺ នៅពេលសម្ភាសន៍វាគ្មិនម្តងៗ ជុន ច័ន្ទបុត្រ តែងតែដេញដោលឈ្លេចសួរផង និងបញ្ជោរផងនិងជាពិសេស តាំងសំនួរដើម្បីអូសក្រឡាទាញ ឲ្យវាគ្មិនសំខាន់ៗ ដែលជាមេចលនា រឺមេក្លោងនៅក្នុងបក្សនយោបាយក្តី និងក្នុងអង្គការសង្គមស៊ីវិល ដែលមានទស្សនៈ និងជំហរប្រឆាំងផ្កាប់មុខ រដ្ធាភិបាលអោយជ្រុលមាត់ និយាយចេញមកនូវផែនការ និងសកម្មភាពខុសច្បាប់ និងបំពានច្បាប់របស់ពួកខ្លួន។
តាមរយៈកិច្ចសម្ភាសន៍ទាំងនោះ ហើយ សមត្ថកិច្ចក៏បានដឹងហើយ ក៍បានវែកមុខក្រុមចលនាឧទ្ទាម បានយ៉ាងច្រើនមុខសញ្ញាផងដែរ។ នេះគេហៅថា «ការងារចារកម្មដោយបើកចំហរ ដែលជុន ច័ន្ទបុត្របានធ្វើ»។
ប៉ុន្តែ មានពេលខ្លះ មេដឹកនាំតែងសម្រេចចិត្ត បំបែកមុខចារកម្ម របស់ខ្លួននៅក្នុងករណីដែលអ្នកនោះក្បត់ ឬក៏ការប្រើប្រាស់អត់ប្រសិទ្ធភាព។ ករណី ជុន ច័ន្ទបុត្រដែលត្រូវ បានលោកនាយករដ្ឋមន្ត្រីសម្រេចបើកមុខ នៅពេលនេះគឺជាឧទាហរណ៍ជាក់ស្តែង។
នៅក្នុងគ្លិបសំលេងដែលបាន ទម្លាយពី២ថ្ងៃមុននេះ បានបង្ហាញ យ៉ាងច្បាស់ថា ជុនច័ន្ទបុត្រ ពិតជាធ្លាប់ធ្វើជាបណ្តាញចារកម្មឲ្យលោក ហ៊ុន សែន អស់ជាច្រើនឆ្នាំដោយធ្លាប់ បានផ្តល់ព័ត៌មានសម្ងាត់ ជាច្រើនដល់រដ្ឋាភិបាល។ ប៉ុន្តែ នៅទីបំផុត នៅពេលដឹងខ្លួនថា វិទ្យាសាស្ត្រ សុខាភិបាល បច្ចុប្បន្នមិនទាន់អាចមាន លទ្ធភាពព្យាបាលជំងឺមហារីក ធ្ងន់ធ្ងរអោយជាបាន ទើបបុគ្គលនេះបែរជាចេញក្រឡាក្បត់ ដោយតាំងខ្លួនជាអ្នក បកអាក្រាតមន្ត្រីគណបក្ស ប្រជាជនកម្ពុជាវិញដើម្បីទាក់ទាញ ការអាណិតអាសូរពីអ្នកគាំទ្រ ក្នុងក្រុមប្រឆាំងក្នុងគោលបំណង ឲ្យពួកគេជួយផ្តល់លុយកាក់ ដើម្បីព្យាបាលជំងឺផង និងក៏ដើម្បីឲ្យពួកគេមាន សមានចិត្តស្តាយស្រណោះ អាលោះអាល័យផងក៏ថាបាន។
ប៉ុន្តែ លទ្ធផលនៃអំពើក្បត់នេះបែរជាតាមលង ជុន ច័ន្ទបុត្រ ខ្លួនឯងនៅនាទីចុងក្រោយទៅវិញ។ នៅពេលដែលលោក ហ៊ុន សែន សម្រេចបំបែកមុខ ជុន ច័ន្ទបុត្រ ជាសាធារណៈតាមរយៈការបញ្ចេញ សំលេងសន្ទនារវាង លោក ហ៊ុន ម៉ាណែត និងជុន ច័ន្តបុត្រ បែបនេះ ខ្ញុំយល់ថា ប្រហែលជា លោក ហ៊ុន សែនយ៉ាងហោចណាស់ ក៏មានគោលបំណង២ ដែរ :
ទីមួយ: បំបែកមុខបុគ្គលចារកម្មជុន ចន្ទ្របុត្រដោយសារតែការងារ គ្មានប្រសិទ្ធិភាព រឺក៍ក្បត់។
ទីពីរ: គឺដើម្បីបន្លាយខ្សែអោយវែង ហើយរុញចារកម្មនេះអោយ ចូលកាន់តែជ្រៅនិងដើម្បី អោយគេបន្តកាន់តែជឿជាក់និងទុកចិត្តថា ជុន ចន្ទ្របុត្រនេះមិនមែនជា ចារកម្មរបស់លោកហ៊ុន សែន ទេតាមរយៈនៃការប្រើ «ល្បិចសាច់កម្ម» ៕
ខ្ញុំយល់ថា ក្បាច់ទម្លាយសំលេងសម្ងាត់នេះ ពិតជាបានរុញអោយ ជុន ចន្ទ្របុត្រស្ថិតក្នុងស្ថានភាព រើខ្លួនមិនរួចព្រោះ៖ ប្រសិនបើ ជុន ច័ន្ទបុត្រ ចេញមុខ បដិសេធថាខ្លួនមិនមែនជា ចារកម្មរបស់លោក ហ៊ុន សែន មានន័យថា ជុន ច័ន្ទបុត្រ កំពុងលេងល្បែងសាច់កម្មនេះហើយពោលគឺ បុគ្គលនេះគឺពិតជា ចារកម្មពិតប្រាកដ។
ប៉ុន្តែ ក្នុងករណីដែល ជុន ច័ន្ទបុត្រ នៅស្ងៀមមិនឆ្លើយតប មហាជន នឹងយល់ថា ជុន ច័ន្ទបុត្រ ពិតជាបណ្តាញចារកម្មឲ្យលោក ហ៊ុន សែន ប្រាកដមែនហើយ។
ដូច្នេះ មួយក្បាច់របស់លោក ហ៊ុន សែននេះពិតជាមិនត្រឹមតែបាន រុញ ជុន ចន្ទ្របុត្រអោយចូលក្នុង ស្ថានភាពមួយ «បើនៅក្នុងល្បែងលេងរែក» វិញ គឺ «ជុន ច័ន្ទបុត្រ រែកក៏ចាញ់ មិនរែកក៏ចាញ់» ។ ម៉្យាងវីញទៀត មួយក្បាច់របស់លោក ហ៊ុន សែន នេះក៍អាចជាសារដាស់តឿន ដល់ក្រុមជ្រុលនិយមអោយប្រយ័ត្នប្រយែង ក្នុងការផ្តល់បទសំភាសន៍ ជាមួយវិទ្យុអាស៊ីសេរី រឺ VOA ។ល។ ព្រោះគ្មាននរណាដឹងទេថា អ្នណាខ្លះជាភ្នាក់ងារពត៍មាននិងជា ចារកម្មបំរើអោយនយោបាយ របស់លោក ហ៊ុន សែន ដូចមានករណីលោក ជុន ចន្ទ្របុត្រ ដែលជាចារកម្មបង្កប់នេះ ជាភស្តុតាងជាក់ស្តែងស្រាប់។
ដោយ៖ អ្នកនយោបាយតុកាហ្វេ