ព័ត៌មានជាតិ

ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាល រៀបចំ​ កម្មវិធីបណ្តុះបណ្តាល ស្តីពី សហគ្រិនភាព ក្នុងវិស័យកសិកម្ម​ សម្រាប់យុវជន

កណ្តាល៖នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាល បានរៀបចំកម្មវិធីបណ្តុះបណ្តាល ស្តីពីសហគ្រិនភាពក្នុងវិស័យកសិកម្មសម្រាប់យុវជនក្រោមអធិបតីភាព លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារ ចលនាយុវជនរបស់គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងដោយមានការចូលរួមពីលោក ប៊ុន ផេង អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល និងជាប្រធានគណៈកម្មាធិការ គណបក្សស្រុកខ្សាច់កណ្តាល អនុប្រធានក្រុមការងារចលនាយុវជនរបស់ គណៈពង្រឹងមូលដ្ឋានស្រុក គ្រូបង្គោល កសិករគំរូ និងក្រុមការងារយុវជន​ស្រុក ឃុំ ភូមិសរុបចំនួន ១៤០ នាក់។

ឆ្លៀតក្នុងឱកាសនោះ លោក កៅ ថាច បានជម្រាបជូនសិក្ខាមថា ការរៀបចំកម្មវិធីបណ្តុះបណ្តាលនាថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ ក្នុងការកសាងយុវជន ទាំងស្មារតីស្រឡាញ់គណបក្ស និងកសាងសមត្ថភាពជំនាញផ្នែកកសិកម្ម ដូចជាការដាំដុះ ការចិញ្ចឹមសត្វ ព្រមទាំងមានសមត្ថភាពលើការរៀបចំផែនការអាជីវកម្ម និងការគ្រប់គ្រងអាជីវកម្មផ្ទាល់ខ្លួនផងដែរ។ ទន្ទឹមនេះក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ វិស័យមួយចំនួនត្រូវទទួលរងនូវផលប៉ះពាល់ខ្លាំង ដូចជា វិស័យវាយនភ័ណ្ឌកាត់ដេរ វិស័យទេសចរណ៍ និងវិស័យសំណង់ជាដើម ក៏ប៉ុន្តែមានតែវិស័យកសិកម្មប៉ុណ្ណោះ ដែលមិនទទួលរងផលប៉ះពាល់ និងបានជួយជំរុញ កំណើនសេដ្ឋកិច្ចជាតិ។

លោក កៅ ថាច បន្តលើកទឹកចិត្ត ដល់យុវជនឱ្យគិតគូរ លើការងារអាជីវកម្មក្នុងវិស័យកសិកម្ម ដូចជាការដាំដុះ ការចិញ្ចឹមសត្វ វារីវប្បកម្ម ដោយផ្សារភ្ជាប់ និងមានទស្សនៈជាសហគ្រិនភាព និងត្រូវរៀនជំនាញបច្ចេកទេសលើវិស័យនេះ ឱ្យបានច្បាស់លាស់ និងចេះរៀបចំ ផែនការអាជីវកម្ម ដែលជាផែនទីចង្អុលផ្លូវសម្រាប់ ឈានឆ្ពោះទៅរកប្រាក់ចំណេញ និងទទួលបានភាពជោគជ័យ ។

សូមបញ្ជាក់ថា ការរៀបចំ វគ្គបណ្តុះបណ្តាល ស្តីពី សហគ្រិនភាព ក្នុងវិស័យកសិកម្ម សម្រាប់យុវជន គឺក្នុងគោលបំណងដើម្បី៖
-ផ្តល់ចំណេះដឹង និងជំនាញបច្ចេកទេស ដល់យុវជនក្នុងរបរកសិកម្មសំដៅ បង្កើន ការចូលរួមយ៉ាងសកម្មនៅក្នុងវិស័យនេះ
-ចូលរួមបណ្តុះស្មារតី សហគ្រិនភាព ដល់យុវជនក្នុងការចាប់ផ្តើម និងគ្រប់គ្រង អាជីវកម្មផ្ទាល់ខ្លួន
-ផ្តល់នូវបទពិសោធន៍ ការយល់ដឹងពីបញ្ហាប្រឈម និងដំណោះស្រាយព្រមទាំង ការប្រកួតប្រជែងនៅក្នុងទីផ្សារ
-យល់ដឹងពីរបៀបរៀបចំផែនការអាជីវកម្ម និងរបៀបកត់ត្រាចំណូល ចំណាយក្នុងអាជីវកម្ម។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដោយចែកចេញជា៥វគ្គ មាន១០មុខវិជ្ជា។ ក្នុងនោះមាន៖
១.ការចញ្ចឹមមាន់ស្រែយកសាច់
២.ការចញ្ចឹមមាន់យកស៊ុត
៣.ការចញ្ចឹមកង្កែបក្នុងអាងស៊ីម៉ង់ត៍ និងក្នុងតង់ប្លាស្ទីក
៤.ការចញ្ចឹមត្រីអណ្តែងក្នុងតង់ និងក្នុងអាងស៊ីម៉ង់ត៍
៥.ការចញ្ចឹមបង្កង
៦.ការចញ្ចឹមគោបំប៉នយកសាច់
៧.ការដាំដំណាំត្រសក់ចំណារ
៨.ការដាំដំណាំត្រប
៩.ការដាំដំណាំសាលាដ
១០.ការដាំដំណាំខាត់ណា

To Top