ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង ប្រាប់ទៅអភិបាល ក្រុង ស្រុក ត្រូវត្រៀមសម្ភារៈគ្រប់បែបយ៉ាង ដើម្បីជម្លៀសប្រជាពលរដ្ឋ ពេលជួបគ្រោះធម្មជាតិ

ស្វាយរៀង៖ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងថា អភិបាលក្រុងស្រុកទាំង៨ នៅខេត្តស្វាយរៀង ត្រូវត្រៀមលក្ខណៈ រៀបចំទីទួលមានសុវត្ថិភាព និងត្រៀមសម្ភារៈគ្រប់បែបយ៉ាង ដើម្បីជម្លៀសប្រជាពលរដ្ឋ ពេលជួបគ្រោះធម្មជាតិ ដែលអាចកើតឡើងជាយថាហេតុ ដូចជាជំនន់ទឹកភ្លៀងជាដើម ក្នុងរដូវវស្សានេះ។

ការថ្លែងលើកឡើង របស់អភិបាលខេត្តស្វាយរៀងបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅ ការងារត្រីមាសទី៤ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។

លោកអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ អរគុណចំពោះកងកម្លាំងមានសមត្ថកិច្ច ប្រធានគណៈបញ្ជាការឯកភាព ក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានយកចិត្តទុកដាក់ លើការងារពង្រឹងសន្តិសុខ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេស ការចូលរួមផ្សព្វផ្សាយ ក្នុងការបង្ការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមមូលដ្ឋាននានាក្នុងខេត្ត។

លោកអភិបាលខេត្តបានបន្តថា រដ្ឋបាលខេត្តនិងរៀបចំ អំពូលភ្លើងបំភ្លឺផ្លូវសាធារណៈ ជាង៤០០បង្គោល ដែលបានដាច់ដោយកន្លែង នៅក្នុងក្រុងស្វាយរៀង និងរៀបចំផ្លាស់ប្តូរ បំភ្លឺឡើងវិញទាំងអស់ ចាប់ពីថ្ងៃទី០១ ខែខែតុលា ឆ្នាំ២០២០នេះតទៅ ទន្ទឹមនោះ ក៏មានរៀបចំដាក់ នៅទីប្រជុំជនផ្សារក្រោលគោ និងទីប្រជុំជនផ្សារស្វាយជ្រំផងដែរ។

លោកអភិបាលខេត្ត បានជំរុញដល់ រដ្ឋបាល ក្រុង ស្រុក អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តជម្រុញផ្សព្វផ្សាយ ការធ្វើអត្ថសញ្ញាណប័ណ្ណ នៅតាមមូលដ្ឋានឱ្យបានត្រឹមត្រូវ និងឆាប់រហ័ស ជូនប្រជាពលរដ្ឋ។ ផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ក្នុងការបង់ពន្ធអចលនទ្រព្យគ្រប់ប្រភេទឱ្យ បានមុនការកំណត់ នៅថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ២០២០នេះ។

លោកបានបន្ថែមថា មន្ទីរកសិកម្ម និងអភិបាលក្រុងស្រុក ត្រូវបន្តតាមដានការបង្កបង្កើនផល របស់ប្រជាពលរដ្ឋ រួមទាំងការចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗ ។ ព្រមទាំងបន្តចូលរួមផ្សព្វផ្សាយ អំពីច្បាប់ចរណ៍ផ្លូវគោក បញ្ហាគ្រឿងញៀន ការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារនិង ជម្រុញការធ្វើរូប ’’ឡូហ្គូ’’ តំណាងរដ្ឋបាលក្រុងស្រុកនីមួយៗ និងរៀបចំនូវខ្លឹមសារ អត្ថន័យ នៃ(ឡូហ្គូ) ក្រុងស្រុកនីមួយៗឲ្យបានត្រឹមត្រូវ៕

To Top