ព័ត៌មានជាតិ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ណែនាំដល់អង្គភាព ជំនាញត្រូវពង្រឹង ផ្នែកបច្ចេកទេស ការផ្ទៀងផ្ទាត់វត្តមាន ជនបរទេស​ ចេញ-ចូល​ កម្ពុជា

ភ្នំពេញ​ ៖​ ដើម្បីពង្រឹងការងារគ្រប់គ្រងជនបរទេស ឲ្យមានប្រសិទ្ធិភាព កាន់តែប្រសើរឡើងថែមទៀត​ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំដល់អង្គភាពជំនាញ ត្រូវធ្វើយ៉ាងណាពង្រឹងផ្នែកបច្ចេកទេស ការផ្ទៀងផ្ទាត់វត្តមានជនបរទេស​ ចេញ-ចូល​ កម្ពុជា​។ យោង​តាម​គេហទំព័រ​របស់​ អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ 

ក្នុងកិច្ចប្រជុំ ស្ដាប់របាយការណ៍ ស្ដីពីការងារគ្រប់គ្រងវត្តមានជនបរទេស ដែលស្នាក់នៅកម្ពុជា តាមរយៈការពន្យាទិដ្ឋការ​ កាលពីថ្ងៃទី២៣​ ខែកញ្ញា​ ឆ្នាំ២០២០លោក​ គៀត ច័ន្ទថារិទ្ធ បានថ្លែងថា​ នាពេលបច្ចុប្បន្ននេះ ការគ្រប់គ្រងជនបរទេសមិនមែនអន្តោប្រវេសន្ត មានភាពងាយស្រួលបន្តិច ដោយសារតែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបង្កើតឡើងនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យ  FPCS ដែលអាចឲ្យដឹងពីទិន្នន័យជនបរទេសស្នាក់នៅប្រទេសកម្ពុជា។

លោក​បន្ដថា​ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការគ្រប់គ្រងជនបរទេសដែលស្នាក់នៅក្នុងប្រទេស មានរយៈពេលយូរ នៅតែមានបញ្ហាខ្លះៗ ដូចជាបញ្ហាបច្ចេកទេសកត់ត្រាវត្តមាន និងការបំពេញបែបបទឯកសារសុក្រត្យតាមច្បាប់ជាដើម។

លោកបញ្ជាក់ថា​ “(ខ្ញុំ) សូមណែនាំដល់អង្គភាពជំនាញត្រូវធ្វើយ៉ាងណាពង្រឹងផ្នែកបច្ចេកទេស ការផ្ទៀងផ្ទាត់វត្តមានជនបរទេសដែលចេញ ចូលប្រទេសកម្ពុជា និងជាពិសេស គឺទិន្នន័យជនបរទេសដែលត្រូវបានផ្តល់ទិដ្ឋការស្នាក់នៅយូរ”។ 

ឆ្លៀតឱកាសនោះ​ អគ្គនាយកដ្ឋានអន្តោប្រវេសន៍  

ក៏បានបញ្ជាក់បន្ថែមថា ជាមួយនេះត្រូវពង្រឹងឡើងវិញ នូវបែបបទនីតិវិធី ផ្អែកទៅតាមច្បាប់ក្នុងការផ្តល់ទិដ្ឋការស្នាក់នៅយូរ របស់ជនបរទេស ដោយផ្អែកលើគោលការណ៍ផ្តល់ផលប្រយោជន៍ ដល់ប្រទេសជាតិ៕

To Top