កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា អមដំណើរដោយប្រធានមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត នៅថ្ងៃទី ២៤ ខែកញ្ញាឆ្នាំ ២០២០ នេះ បានចុះចែកជីកសិកម្មដល់ប្រជាពលរដ្ឋចំនួន៩០គ្រួសារ នៅវិទ្យាល័យស្វាយខ្សាច់ធំ ភូមិស្វាយលើ ឃុំស្វាយខ្សាច់ធំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ក្នុងឱកាសនោះ លោកអភិបាលខេត្តបានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ភាគច្រើនចូលចិត្តដាំដុះបន្លែ ក្រោមរូបភាពនៃការជួយទំនុកបម្រុងពីអាជ្ញាធរឃុំ និងអាជ្ញាធរស្រុកជាពិសេស ពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទដែលជាសេនាធិការឱ្យរដ្ឋបាលខេត្តកំពង់ចាម ។
លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា បច្ចុប្បន្ននេះការដាំដុះបង្កបង្កើន ផលរបស់ប្រជាពលរដ្ឋ គឺមានការរីកចម្រើនខុសពីមុន ដោយមួយផ្នែកសម្រាប់ផ្គត់ផ្គង់ម្ហូបអាហារក្នុងគ្រួសារ និងមួយផ្នែកទៀតសម្រាប់យកទៅលក់នៅទីផ្សារ ដូច្នេះការបង្កើនបរិមាណដាំដុះនេះ ចាំបាច់ណាស់ត្រូវការបច្ចេកទេស ដើម្បីធ្វើឱ្យផលដំណាំមានគុណភាព យកទៅប្រកួតប្រជែងលើទីផ្សារ ។ ប្រការនេះ បានធ្វើឱ្យជីវភាពរបស់បងប្អូនប្រជាពលរដ្ឋមានការរីកចម្រើន អភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ ជាផ្នែកមួយចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ក្នុងមូលដ្ឋានផងដែរ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋយើង។
លោកអភិបាលខេត្តបានបញ្ជាក់ផងដែរថា ធាតុចូលកសិកម្ម ដែលត្រូវចែកជូនប្រជាពលរដ្ឋ ចំនួន៩០គ្រួសារ នា ពេលនេះ គឺក្នុងមួយគ្រួសារទទួលបានជី ចំនួន២បាវ សម្រាប់គាំទ្របណ្តុះអាជីវកម្ម នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនិងនេសាទខេត្តកំពង់ចាម ។
ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ឱ្យចេះថែរក្សាសុខភាព ដោយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីការឆ្លងជំងឺកូវីដ១៩ ។ ហើយការបើកបរ ត្រូវអនុវត្ត គោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនផងដែរ ដើម្បីជាសផុតពិការគ្រោះថ្នាក់រងរបួស ឬដល់អាយុជីវិត ដោយយថាហេតុ ។