ភ្នំពេញ៖ ស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា បានប្រកាសឱ្យដឹងថា យុទ្ធនាការថ្ងៃព្រហស្បតិ៍ អូស្រ្តាលី នឹងសរសេរពី អ្នកស្រាវជ្រាវឈានមុខគេមួយចំនួននៅកម្ពុជា ដោយបង្ហាញការគោរព និងការទទួលស្គាល់ ពីការចូលរួមចំណែករបស់ពួកគេ ក្នុងគោលនយោបាយសាធារណៈ នៅកម្ពុជា។
ស្ថានទូត បានបញ្ជាក់នៅថ្ងៃព្រហស្បត្តិ៍ ទី២៤ខែកញ្ញា ឆ្នាំ២០២០ ឱ្យដឹងថា យុទ្ធនាការថ្ងៃព្រហស្បតិ៍ សម្រាប់អ្នកស្រាវជ្រាវ ក្នុងថ្ងៃនេះ គឺ លោក អ៊ូ វីរៈនាយកប្រតិបត្តិ របស់អង្គការ វេទិកាអនាគត (Future Forum)។
បើតាមការបញ្ជាក់របស់ស្ថានទូតអូស្រ្តាលី មុននឹងបង្កើតវេទិកាអនាគត ក្នុងឆ្នាំ ២០១៥ លោកអ៊ូ វីរៈ គឺជាអ្នកវិភាគនយោបាយ មានចំណាប់អារម្មណ៌នឹងបញ្ហាមួយចំនួន ដូចជានីតិរដ្ឋ សេរីភាពក្នុងការបញ្ចេញមតិ ការរើសអើងជាតិសាសន៍ សិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា និងសិទ្ធិផ្នែកលំនៅដ្ឋាន។
សិស្សានុសិស្សរបស់គាត់ និយាយថា លោកអ៊ូ វីរៈ គឺជាគំរូរបស់ពួកគេ ហើយគាត់បានជួយពួកគេឱ្យដើរតាមមាគ៌ាអាជីព ដែលពួកគេមិនធ្លាប់គិតថាអាចធ្វើទៅបាន។
លោកអ៊ូ វីរៈ បាននិយាយថា “ការសិក្សាស្រាវជ្រាវ គោលនយោបាយសាធារណ: តំណាងឲ្យវេទិកាដ៏សំខាន់ សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា។ នៅវេទិកាអនាគត យើងបណ្តុះបណ្តាល និងផ្តល់អំណាចដល់ អ្នកស្រាវជ្រាវវ័យក្មេងក្នុងការកំណត់ និងពិនិត្យគោលនយោបាយបច្ចុប្បន្ន ដើម្បីផ្តល់ដំណោះស្រាយនានា។ មូលដ្ឋានីយកម្មនៃការធ្វើការសម្រេចចិត្តផ្នែកគោលនយោបាយ គឺជាជំហានដ៏សំខាន់ ក្នុងការកំណត់អនាគត ដ៏ភ្លឺស្វាងរបស់កម្ពុជា។”
អូស្រ្តាលី គាំទ្រដល់វេទិកាអនាគត តាមរយៈកម្មវិធី “ពន្លកចំណេះ” ដែលមានរយៈពេល ៣ ឆ្នាំ ក្នុងថវិកា ២,៩ លានដុល្លារអូស្រ្តាលី ធ្វើការជាមួយមូលនិធិអាស៊ី (The Asia Foundation) ជួយដល់វិទ្យាស្ថានស្រាវជ្រាវ ដើម្បីធ្វើការស្រាវជ្រាវ ប្រកបដោយគុណភាព និងជំរុញកិច្ចពិភាក្សា រវាងអ្នកស្រាវជ្រាវ និងអ្នកធ្វើគោលនយោបាយ។
ដោយៈ សយ សុភា