ភ្នំពេញ៖ អូស្ត្រាលី ផ្តល់ជំនួយ ជាគំរូ ជលសាស្រ្ត និង គ្រប់គ្រង ធារាសាស្រ្ត (eWater Source ) ឯកអគ្គរាជទូត អូស្ត្រាលី ប្រចាំនៅកម្ពុជា លោក Pablo Kang និងរដ្ឋមន្ត្រីក្រសួង ធនធានទឹក និង ឧតុនិយម ឯកឧត្តម លឹម គាន ហោ ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ជំនួយ ជាផ្លូវការ ដល់ប្រទេសកម្ពុជា ដើម្បីអាចប្រើប្រាស់ កម្មវិធីគ្រប់គ្រងទឹកជាតិ របស់ អូស្ត្រាលី គឺគំរូជលសាស្ត្រ និង គ្រប់គ្រងធារាសាស្រ្ត (eWater Source ) ។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលី ដែលមជ្ឈមណ្ឌលព័ត៌មាន ទទួលបាននៅថ្ងៃ សុក្រទី២៥ ខែកញ្ញា ឆ្នាំ២០២០ ឱ្យដឹងថា ជំនួយនេះ បង្កើតជាផ្នែកមួយ នៃការគាំទ្រ ជាបន្ត របស់អូស្ត្រាលី លើការគ្រប់គ្រងទឹក ប្រកបដោយនិរន្តរភាព នៅទូទាំង តំបន់មេគង្គ ។ eWater Source ជាកម្មវិធីគ្រប់គ្រងទឹកជាតិរបស់អូស្ត្រាលី ដែលនឹងជួយរដ្ឋាភិបាលកម្ពុជា ឱ្យយល់កាន់តែច្បាស់ អំពីលទ្ធភាព នៃធនធានទឹក នៅទូទាំងប្រទេស ។ វា នឹងផ្តល់នូវមូលដ្ឋាន ដែលមានភាពជាក់ស្តែងរឹងមាំជាងមុន ដើម្បីយើងអាចធ្វើការសម្រេចចិត្ត លើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធទឹក និង ការបែងចែកទឹក សម្រាប់អ្នកប្រើប្រាស់ ក្នុងវិស័យ ផ្សេងៗ មាន ដូចជា ទីក្រុងកសិកម្ម និងជលផល ទឹកសាបវារីអគ្គិសនី និង ឧស្សាហកម្ម ។ ជាមួយនឹង អាកាសធាតុ ដែលមានភាពប្រែប្រួលខ្ពស់ អូស្ត្រាលី បានបង្កើតឧបករណ៍ និង បច្ចេកវិទ្យាប្លែកៗ ដូចជា គំរូ ជលសាស្រ្ត និង គ្រប់គ្រងធារាសាស្រ្ត (eWater Source ) ដើម្បីជួយក្នុងការស្វែងយល់ពី ធនធានទឹក តាមពេលវេលា និង ដើម្បី យើងអាចធ្វើការសម្រេចចិត្ត ប្រកបដោយ តម្លាភាព លើវិធីបែងចែកទឹក រវាង អ្នកប្រើប្រាស់ ដែលប្រកួតប្រជែង ។
ឯកអគ្គរដ្ឋទូត Kang បាន មានប្រសាសន៍ថា “ យើងមានសេចក្តីរីករាយ ក្នុងការចែករំលែក នូវការច្នៃប្រឌិតថ្មីដ៏សំខាន់ របស់អូស្ត្រាលី គឺគំរូជលសា ស្រ្ត និងគ្រប់គ្រងធារាសាស្រ្ត (eWater Source ) ជាមួយ ប្រទេសជិតខាង និងមិត្តភក្តិ របស់យើង នៅក្នុងប្រទេសកម្ពុជានេះ ព្រោះការធ្វើបែបនេះ នឹងជួយ ធានាថា អភិបាលកិច្ចទឹក ធ្វើឡើងផ្អែកលើភស្តុតាងជាក់ស្តែង និង អាចចូលរួមចំណែក ក្នុងការស្ដារ កម្ពុជាឡើងវិញ ក្រោយជំងឺកូវីដ-១៩ ” ។
លោក លឹម គាន ហោ បាន មានប្រសាសន៍ថា “ ការគ្រប់គ្រង ធនធានទឹកដ៏ មានតម្លៃ របស់ កម្ពុជា ប្រកបដោយ និរន្តភាព មានសារៈសំខាន់ណាស់ ដើម្បីគាំទ្រ ដល់ការអភិវឌ្ឍ សេដ្ឋកិច្ច និង សង្គម ក្នុងទីក្រុងនានា របស់យើង ព្រមទាំងវិស័យ កសិកម្ម និង ថាមពល ដែលកំពុងតែ រីកចម្រើន ទន្ទឹម នឹង ការថែរក្សាបរិស្ថាន ដ៏ពិសេសរបស់យើង ផង ដែរ “ ។ “យើងសូមស្វាគមន៍ ជំនួយរបស់រដ្ឋាភិបាល អូស្ត្រាលី ដែលផ្តល់ទាំងឧបករណ៍ បច្ចេកទេស និង ការគាំទ្រពង្រឹងសមត្ថភាព ដើម្បីឱ្យប្រជាជន កម្ពុជា អាច រៀនសូត្រពីបទពិសោធន៍ អូស្ត្រាលី និង ធ្វើការគ្រប់គ្រង ធនធានទឹក របស់ យើង កាន់តែ ប្រសើរ ឡើង សម្រាប់ប្រទេសទាំងមូល “ ។
អូស្ត្រាលី បាននិងកំពុងជួយ ដល់ប្រទេសកម្ពុជា និង បណ្តាប្រទេសផ្សេងៗ នៅអាស៊ីអាគ្នេយ៍ ដើម្បី ពង្រឹង ការគ្រប់គ្រង ធនធានទឹករួម ចាប់តាំងពី ទសវត្ស ឆ្នាំ១៩៩០ មក ។ កម្មវិធី ធនធានទឹក ក្នុង តំបន់ មេគង្គ របស់ អូស្ត្រាលី គាំទ្រ គណៈកម្មការ ទន្លេមេគង្គ និងបណ្តា ប្រទេសតាមទន្លេមេគង្គ ដើម្បី ធ្វើការសម្រេចិត្ត ផ្អែកលើ ភាពជាក់ស្តែង លើការប្រើប្រាស់ ធនធានទឹក នៅទូទាំងតំបន់៕
ដោយ៖ សយ សុជាតា