នយោបាយ

លិខិតមិត្តអ្នកអាន ៖ « កម្ពុជារងគ្រោះ ព្រោះនយោបាយ គ្មានសត្រូវ »

ស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រ មួយដែលត្រូវ បានមហាអំណាច ប្រទាញប្រទង់គ្នា កម្ពុជា ប្រៀបបីដូចជាកូនក្រមុំដ៏ស្រស់ស្អាតម្នាក់ដែល មហាអំណាចណាក៏ ចង់បានយកធ្វើជាកម្មសិទ្ធិផ្តាច់មុខ របស់ខ្លួនដែរ ។ ក្នុងស្ថានភាពបែបនេះ ប្រាកដណាស់ថា វាជាការលំបាកខ្លាំងណាស់ សម្រាប់ប្រទេសតូចមួយ ដូចកម្ពុជាក្នុងការ ប្រកាន់ជំហរ នយោបាយការបរទេស ដើម្បីគេចផុតពី ឥទ្ធិពល របស់មហាអំណាច ។ ទោះជាយ៉ាងនេះក៏ដោយ ក៏កម្ពុជាដែលមាន មេដឹកនាំដ៏ខ្លាំងពូកែ និងមានបទពិសោធន៍ម្នាក់ នៅក្នុងឆាកនយោបាយ បានជ្រើសរើសជំហរដ៏ឆ្លាតវៃមួយក្នុងការសម្រប សម្រួលជាមួយ មហាអំណាចទាំងអស់ ដើម្បីទាញយកផលប្រយោជន៍ សម្រាប់កសាងប្រទេសផងនិងសម្រាប់រកសេចក្តីសុខ ជូនប្រជាពលរដ្ឋរបស់ខ្លួនផង។

សុខសន្តិភាព ការអភិវឌ្ឍន៍ និងសេចក្តី សប្បាយរីករាយ របស់ប្រជាពលរដ្ឋខ្មែរដែល បានកើតឡើងបានយូរនិង យ៉ាងល្អប្រសើរមិនធ្លាប់មានពីមុន ដែលប្រទេសដ៏កំសត់នេះកំពុងមាន នៅពេលបច្ចុប្បន្ន គឺជាលទ្ធផល នៃនយោបាយការបរទេសដ៏ឆ្លាតវៃ របស់កម្ពុជាក្រោមការដឹកនាំ របស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ។
នយោបាយការបរទេសកម្ពុជាគឺជា «នយោបាយគ្មានសត្រូវ» មានន័យថា ប្រទេសណាក៏ដោយ ក៏ជាមិត្តរបស់កម្ពុជា ហើយ «ទោះបីជាសត្រូវរបស់ប្រទេសណាមួយក៏ មិនមែនជាសត្រូវរបស់កម្ពុជាដែរ» ពោលគឺ កម្ពុជាកសាងទំនាក់ទំនងល្អ ជាមួយគ្រប់ប្រទេសទាំងអស់នៅលើផែនដី នេះ។

កម្ពុជាដែលធ្លាប់រងគ្រោះ ដោយសារភ្លើងសង្គ្រាម រហូតដល់ធ្លាក់ទៅក្នុងរបបវាលពិឃាត ប្រល័យពូជសាសន៍ដ៏ឃោរឃៅ ពិតជាមិនចង់ឃើញ ប្រវត្តិសាស្ត្រច្រំដែលសោះឡើយ។ កម្ពុជាក៏មិនចង់ឃើញប្រទេសណាមួយរងគ្រោះព្រោះសង្គ្រាមដែរ ។ ប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា បានក្លាយជាបទពិសោធន៍ដ៏រឹងមាំ របស់មេដឹកនាំខ្មែរឈ្មោះ
« ហ៊ុន សែន ដែលបានយកជីវិត ធ្វើដើមទុនដើម្បីបញ្ចប់សង្គ្រាម» និងនាំមកនូវសន្តិភាពពេញលេញ និង«កំពុងបន្តយកខ្លួនពាំងគ្រប់រឿង រ៉ាវដើម្បីការពារសន្តិភាព និងសេចក្តីសុខ» ជូនប្រជាពលរដ្ឋ របស់ខ្លួនក៏ដូចជាការពារអធិបតេយ្យជាតិកម្ពុជា ទាំងមូលដោយមិនព្រមធ្វើជាចំណុះ ឬ កូនអុកបរទេសណាជាដាច់ខាត។

ទោះជាយ៉ាងណាក៏ដោយ ពេលខ្លះ កម្ពុជាបានក្លាយជាជនរងគ្រោះ ឬជាចំណាប់ខ្មាំង ព្រោះតែនយោបាយគ្មានសត្រូវរបស់ខ្លួន។ ប្រការនេះក៏ដោយ សារតែមហាអំណាច ដែលសំឡឹងឃើញកម្ពុជាជាកូនក្រមុំ ដ៏ស្រស់ស្អាតបែរជាឈ្លោះគ្នាដណ្តើមកម្ពុជា ទាំងដែលកូនក្រមុំកម្ពុជាដ៏ស្រស់ស្អាតនេះមិនដឹងរឿងអ្វីសោះ។

ជួនកាល មហាអំណាចមួយលួច ប្រច័ណ្ឌកម្ពុជា ដោយគ្រាន់តែឃើញប្រទេសដ៏តូចច្រឡឹងនេះ មានទំនាក់ទំនងល្អូកល្អឺនជាមួយ មហាអំណាចមួយទៀតដែលគេ ហៅថា «ប្រច័ណ្ឌខុសរឿង»។
នៅក្នុងជីវិតជាក់ស្តែង មានបុរស ឬស្ត្រីច្រើនណាស់ដែលរងគ្រោះព្រោះការប្រច័ណ្ឌខុសរឿង។

យ៉ាងណាមិញ សហរដ្ឋអាមេរិកដែលកំពុងដណ្តើមឥទ្ធិពល ភូមិសាស្ត្រនយោបាយជាមួយចិន ពេលខ្លះក៏លួចប្រច័ណ្ឌកម្ពុជាជាមួយចិននៅពេលឃើញកម្ពុជា មានទំនាក់ទំនងល្អជាមួយ មហាយក្សអាស៊ីមួយនេះ។

ការប្រច័ណ្ឌខុសរឿងគឺជា ដើមហេតុដែលធ្វើឲ្យមហាអំណាចពិភពលោក ខាងបស្ចឹមប្រទេសមួយនេះ ផ្តើមរករឿងចិន តាមរយៈការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន ចិន មួយដែលកំពុងវិនិយោគនៅកម្ពុជា។

ទោះបីជាសហរដ្ឋអាមេរិក បានលើកហេតុផល ពីរឿងសិទ្ធិមនុស្ស មកធ្វើជាសំអាងក៏ដោយ ក៏ប៉ុន្តែ នរណាក៏ដឹងដែរថានោះ «គ្រាន់តែជាលេស ដើម្បីគាបសង្កត់ចិន ក្នុងន័យដណ្តើមភូមិសាស្ត្រ នយោបាយ»តែប៉ុណ្ណោះ។

គំនាបរបស់សហរដ្ឋអាមេរិកទៅ លើចិន ទោះតិចឬច្រើន វាធ្វើឲ្យប៉ះពាល់ដល់កម្ពុជាដូចសុភាសិតខ្មែរ បូរាណពោលថា «ដំរីជល់គ្នា ងាប់ស្រមោចសង្អារ»។

ពិតណាស់ ក្នុងនាមជាប្រទេសអធិបតេយ្យមួយ ដែលស្ថិតនៅចំកណ្តាលទីតាំងភូមិសាស្ត្រដ៏ ប្រទាញប្រទង់នេះ កម្ពុជាចាំបាច់ត្រូវប្រកាន់ជំហរវៃឆ្លាតមួយក្នុង នយោបាយការទូតរបស់ខ្លួន ដោយចាប់យកប្រទេសទាំងអស់ ធ្វើជាមិត្តដោយគ្មានការរើសអើង ។ ប៉ុន្តែជាធម្មតា នៅក្នុងក្រឹតក្រម នៃទំនាក់ទំនង អន្តរជាតិ ភាពជិតស្និទ្ធរវាងប្រទេសមួយ និងប្រទេសមួយទៀត មានកម្រិតខ្លាំងឬខ្សោយអាស្រ័យ ទៅតាមផលប្រយោជន៍ដែលភាគី ទាំងពីរទទួលបាន មានន័យថា ប្រទេសណាដែលផ្តល់ប្រយោជន៍ច្រើន ទំនាក់ទំនងជាមួយប្រទេសនោះកាន់តែជិតស្និទ្ធនិងល្អូកល្អឺនខ្លាំង។

ឧទាហរណ៍ជាក់ស្តែង ទំនាក់ទំនងជិតស្និទ្ធខ្លាំងរវាងកម្ពុជានិងចិន មិនមែនមានន័យថា កម្ពុជានៅខាងចិន ហើយបោះបង់មហាអំណាចផ្សេងទៀត ឬប្រទេសផ្សេងទៀតដែលជាគូប្រជែង ឬជាគូសត្រូវរបស់ចិន នោះឡើយ ។ ប៉ុន្តែ កម្ពុជាដែល បង្ហាញភាពល្អូនល្អឺននៃ ទំនាក់ទំនងចាក់ទឹកមិនលិចជាមួយចិន ក៏ព្រោះតែដើម្បីប្រយោជន៍ សេដ្ឋកិច្ចទ្វេភាគីដែលកម្ពុជា-ចិន មានជាមួយគ្នាតែប៉ុណ្ណោះ ។ រីឯទំនាក់ទំនងជាមួយ មហាអំណាចផ្សេងៗទៀត ឬប្រទេសផ្សេងក៏នៅតែរក្សាដដែលបើទោះបីជាមិនសូវស្និទ្ធស្នាលខ្លាំង ឬក៏ពេលខ្លះមាន ភាពរកាំរកូសមើលមុខគ្នា មិនចំខ្លះក៏ដោយ ក៏មូលហេតុសំខាន់គឺកម្ពុជាគ្រាន់តែការពារផលប្រយោជន៍របស់ខ្លួនតែ ប៉ុណ្ណោះ។ ការការពារប្រយោជន៍និងការពារអធិបតេយ្យភាពជាតិ របស់ខ្លួន«មិនត្រូវចាត់ទុកថា កម្ពុជាយកប្រទេសណាជាសត្រូវ រឺ ឈរខាងភាគីណាមួយនោះឡើយ»។

នៅក្នុងស្ថានភាពដែលកម្ពុជា កំពុងរងសម្ពាធពីការប្រជែងឥទ្ធិពលគ្នា របស់មហាអំណាច វាជាពេលវេលា ដ៏សំខាន់ណាស់ដែលខ្មែរគ្រប់គ្នា គ្រប់និន្នាការ នយោបាយ ត្រូវខិតខំការពារ ផលប្រយោជន៍រួមរបស់ខ្លួនឲ្យបាន ។ ខ្មែរអាចមានទស្សនៈនយោបាយផ្សេងគ្នា ប៉ុន្តែ ខ្មែរ នៅតែមានប្រយោជន៍ រួមតែមួយគឺ ផលប្រយោជន៍ជាតិទាំងមូល ។ ដូច្នេះ នៅពេលដែលផល ប្រយោជន៍រួមរងការគំរាមកំហែង ខ្មែរត្រូវរួមគ្នាដើម្បីការពារប្រយោជន៍របស់ខ្លួន ដោយទុកប្រយោជន៍នយោបាយមួយឡែកសិន ។
យើងជាពលរដ្ឋខ្មែរ ត្រូវយល់ថា ប្រទេសរបស់យើង ស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រមួយ ដែលងាយរងឥទ្ធិពលរបស់មហា អំណាច ។ បើទោះបីជាយើងបាន ប្រកាន់ជំហរនយោបាយការទូត មួយដ៏ឆ្លាតវៃក៏ដោយ ក៏វាជាការ លំបាកណាស់ដែលអាចចៀសផុតទាំងស្រុងពីចំហាយ នៃជម្លោះរវាងមហាអំណាច។ វាមិនខុសអ្វីពីខ្យល់ព្យុះដែលកើតឡើង ចំពោះប្រទេសមួយតែចំហាយរបស់វា មានឥទ្ធិពលទៅលើប្រទេសផ្សេងៗទៀត ជាពិសេសប្រទេសក្បែរខាងតែម្តង។

ស្ថានភាពដែលកម្ពុជា កំពុងប្រឈមមុខបច្ចុប្បន្ន គឺជាអ្វី ដែលគេហៅថា «រងគ្រោះព្រោះនយោបាយគ្មានសត្រូវ» ។ ទោះជាយ៉ាងណា ក៏វាពិតជា ប្រសើរជាងការរងគ្រោះ ព្រោះនយោបាយសាង សត្រូវដូច ដែលអ្នកនយោបាយខ្មែរមួយចំនួនបាន និងកំពុងធ្វើដែរ។ នយោបាយគ្មានសត្រូវ អាចអនុញ្ញាតឲ្យកម្ពុជា ចាប់ដៃសហការជាមួយគ្រប់ប្រទេសទាំងអស់ដោយ ស្នាមញញឹម ។ នយោបាយនេះទៀតសោត ក៏អាចអនុញ្ញាតឲ្យកម្ពុជា ងាយប៉ះប៉ូវការខូចខាតបានឆាប់រហ័ស។

ផ្ទុយទៅវិញ នយោបាយសាងសត្រូវ ដោយឈរនៅតែជាមួយ មហាអំណាចម្ខាង ហើយប្រកាសសត្រូវជាមួយ មហា អំណាចម្ខាងទៀត នឹងធ្វើឲ្យកម្ពុជារងគ្រោះលិចលង់ ដូច
ពីអតីតកាលជាក់ជាមិនខាន។ សូមខ្មែរចងចាំនូវចំណុចនេះ៕

ដោយ : អ្នកនយោបាយតុកាហ្វេ

To Top