ភ្នំពេញ ៖ “ខ្ញុំក៏បានសម្តែងនូវក្តីសង្ឃឹម និងចង់ឃើញ ប្រទេសកម្ពុជា និងសហគមន៍អឺរ៉ុប (EU) បន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្នា ដើម្បីលើកស្ទួយ និងការពារផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ននេះ និង ទៅអនាគតផងដែរ”។
នេះជាសំដីលោក កឹម សុខា ក្នុងជំនួបជាលើកទី២ ជាមួយលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត សហគមន៍អឺរ៉ុប ប្រចាំកម្ពុជានៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅគេហដ្ឋានរបស់លោក។
ក្នុងឱកាសនោះដែរ លោកក៏បានថ្លែងអំណរគុណ ចំពោះសហគមន៍អឺរ៉ុប ដែលលោកស្រីជាតំណាង បានបញ្ជាក់ថា សហគមន៍អឺរ៉ុប នៅតែមានបំណង ចង់ជួយប្រជាពលរដ្ឋខ្មែរ និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា លើវិស័យនានា ទោះបីពលរដ្ឋខ្លួន កំពុងទទួលរងនូវជំងឺរាតត្បាត កូវីដ-១៩ យ៉ាងធ្ងន់ធ្ងរក៏ដោយ។
សូមបញ្ជាក់ថា គណៈកម្មការអឺរ៉ុប នៅថ្ងៃទី១២ខែសីហា ឆ្នាំ ២០២០បានចេញសេចក្ដីប្រកាសព័ត៌មាន មួយដោយបានសម្រេចដក EBA លើមុខទំនិញនាំចេញ របស់កម្ពុជា ប្រមាណ ២០% នៃមុខទំនិញនាំចេញទាំងអស់ ទៅកាន់ទីផ្សារអឺរ៉ុប ក្រោមហតុផលកម្ពុជា មានការរំលោភបំពានសិទ្ធិមនុស្ស និងមានភាពផុយស្រួយ ផ្នែកប្រជាធិបតេយ្យជាដើម៕