ព័ត៌មានជាតិ

សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន ចូលរួមអបអរសាទរ ទិវាអន្តរជាតិស្តីពី «សិទ្ធិទទួលព័ត៌មាន»

ភ្នំពេញ៖ សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច-CCJA) សូមចូលរួម ជាមួយអ្នកសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក អបអរសាទរទិវាអន្តរជាតិស្តីពី «សិទ្ធិទទួលព័ត៌មាន» ដែលត្រូវបានមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៧៤ ប្រកាសនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងគោលបំណងបង្កើតឱកាសចូលរួម ដើម្បីពិភពលោក សម្រេចឲ្យបាននូវ គោលដៅអភិវឌ្ឍន៍សហសវត្សរ៍ ។

សម្រាប់ឆ្នាំ២០២០នេះ ទិវាអន្តរជាតិស្តីពី សិទ្ធិទទួលព័ត៌មាន ប្រារព្ធឡើងក្រោមពាក្យស្លោក “សិទ្ធិទទួលព័ត៌មាន៖ សង្គ្រោះជីវិត ការកសាងទំនុកចិត្ត និងបង្កើតនូវក្តីសង្ឃឹម” ក្នុងបរិបទមួយ ដែលពិភពកំពុងរងការគំរាមកំហែង ពីជំងឺកូវីដ១៩។

សសកច សូមចូលរួមសូមសម្តែង នូវការកោតសសើរ ចំពោះក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងដៃគូពាក់ព័ន្ធទាំងឡាយ ដែលបានខិតខំខ្នះខ្នែង យកអស់ស្មារតីទទួលខុសត្រូវខ្ពស់ ដាក់ការចេញនូវវិធានការ ទប់ស្កាត់ប្រកបដោយប្រសិទ្ធិភាព និងការចូលរួមពីសំណាក់ប្រជាជន ដែលនាំអាត្រាឆ្លងមានកម្រិតទាប និងការព្យាបាលបានជះស្បើយជាបន្តបន្ទាប់។

សសកច ក៏សម្តែជំនឿយ៉ាងមុតមាំ ផងដែរថា ពង្រាងច្បាប់ស្តីពី សិទ្ធិទទួលបានព័ត៌មាន ដែលកំពុងរៀបចំដោយក្រសួងព័ត៌មាន នឹងចេញរូបរាងនាពេលឆាប់ៗ ខាងមុខនេះ។

សសកច សូមលើកទឹកចិត្ត អ្នកសារព័ត៌មានទាំងអស់ ប្រើប្រាស់សិទ្ធិរបស់ខ្លួន ក្នុងការបំពេញវិជ្ជាវីវៈ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដូចអ្វីដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយ័ន្តការពារ អ្នកកាសែតផងដែរថា ”អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត” ៕

To Top