ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានធ្វើការបដិសេធ ចំពោះការលើកឡើង របស់ឈ្មោះអេង ឆៃអ៊ាង អ្នកនយោបាយ ជាប់បម្រាមតុលាការកម្ពុជា ដែលកំពុងរស់នៅក្រៅប្រទេស ដែលបានធ្វើអត្ថាធិប្បាយ ក្នុងវិទ្យុបរទេសមួយ កាលពីយប់ថ្ងៃទី២៤ ខែកញ្ញ ឆ្នាំ២០២០ ដោយនិយាយបំផ្លើស មិនទទួលស្គាល់ការពិត ក្នុងន័យចោទប្រកាន់ អាជ្ញាធរមូលដ្ឋានថា ជាអ្នកគាបសង្កត់សិទ្ធិប្រជាពលរដ្ឋ និងប្រព្រឹត្តអំពើពុករលួយទៅវិញ។
យោងតាមសេចក្ដីបដិសេធ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ កញ្ញានេះ បានឲ្យដឹងថា ប្រសិនបើដូចសំដីរបស់ឈ្មោះ អេង ឆៃអ៊ាង បានលើកឡើង ថាមន្ត្រីថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋាន ធ្វើការងារមិនកើត និងគ្មានជំនឿនោះទេ ម្ល៉េះសមរាជរដ្ឋាភិបាលសព្វថ្ងៃនេះ មិនអាចស្ថិតនៅគង់វង្សបានទេ ហើយក៏មិនអាចកសាងប្រទេស អោយរីកចម្រើនរក្សាបាន សន្តិសុខ សន្តិភាពជូនប្រជាជន និងប្រទេសជាតិបានដូចសព្វថ្ងៃឡើយ។
ក្រសួងចាត់ទុកថា ការអត្ថាធិប្បាយ របស់ឈ្មោះ អេង ឆៃអ៊ាង គឺជាសំដីភូតកុហក គ្មានខ្លឹមសារ ដោយគ្រាន់តែនិយាយអោយលឺសំលេង និងកុំអោយតែគូកន និងបក្សពួករបស់ខ្លួន បំភ្លេចឈ្មោះខ្លួនតែប៉ុណ្ណោះ ៕