ភ្នំពេញ ៖ ក្រុមការងារអន្តរក្រសួង បើកកិច្ចប្រជុំដើម្បីចុះសិក្សា និងដោះស្រាយករណី រកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិច ក្នុងទន្លេ នាខេត្តកំពង់ចាម ។ នេះបើយោងតាមផេកហ្វេសប៊ុក របស់ក្រសួងមហាផ្ទៃ ។
នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បើក កិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ អន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេថា កិច្ចប្រជុំនាថ្ងៃនេះ គឺដើម្បីពិភាក្សាបច្ចេកទេស បែងចែកភារកិច្ច ដើម្បីឱ្យជំនាញចុះទៅផ្ទាល់សិក្សា ដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិច ក្នុងទន្លេជាមួយមូលដ្ឋានផ្ទាល់។
លោកបានបញ្ជាក់ថា ក្រុមការងារនេះ មានតួនាទីភារកិច្ច សិក្សាស្រាវជ្រាវ អំពីប្រវត្តិនៃការលិចនាវា ព្រមទាំងភស្តុតាងផ្សេងៗ ដើម្បីឈានទៅកំណត់ទីតាំងជាក់លាក់នៃនាវាដែលលិច ប្រភេទនាវា និងប្រភេទគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលមាននៅក្នុងនាវា សម្រាប់ជាមូលដ្ឋានកំណត់គោលដៅ បោះពោង ឬដាក់ផ្លាកសញ្ញាចំណាំ ជាតំបន់មានហានិភ័យ ដែលត្រូវហាមឃាត់ ការចេញចូលតំបន់នោះ។
លោកបន្តថា ត្រូវសម្របសម្រួលស្នើសុំកងកម្លាំង កងទ័ពជើងទឹក និងនគរបាលការពារព្រំដែនទឹក ដើម្បីសហការប្រចាំការការពារ នៅតំបន់មានហានិភ័យខាងលើ សំដៅធ្វើការហាមឃាត់ មិនឱ្យប្រជាពលរដ្ឋចេញ ចូល ឆ្លងកាត់ការធ្វើអាជីវកម្មបូមខ្សាច់ និងការធ្វើនាវាចរណ៍ ចូលទៅក្នុងតំបន់នោះ ។ ជាពិសេស ផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋ អំពីតំបន់មានហានិភ័យ ដែលត្រូវបានហាមឃាត់ខាងលើ ដើម្បីបង្ការការពារ ការកើតមានគ្រោះថ្នាក់ជាយថាហេតុ ណាមួយ ដោយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ។ សិក្សាស្រាវជ្រាវ និងកំណត់លក្ខខណ្ឌបច្ចេកទេស ដើម្បីរៀបចំប្រតិបត្តិការស្រង់ យកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចេញ ពីក្នុងនាវាដែលបានលិច ព្រមទាំង បំពេញការងារផ្សេងៗទៀត តាមការចាំបាច់ ។
សូមជម្រាបថា កិច្ចប្រជុំមានការចូលរួមពី លោក តាន់ សំណាង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និង ជាសមាជិក ព្រមទាំង នាយកដ្ឋាននានា ក្រោមចំណុះក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង អង្គភាពពាក់ព័ន្ធមួយចំនួនទៀត ៕ ស សំណាង