ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែង រៀបចំនូវគោលនយោបាយច្បាប់ និងបទដ្ឋានគតិយុត្ត ដើម្បីធានាឲ្យបានសន្តិសុខសង្គមដែលជាកត្តាសំខាន់ សម្រាប់ទាក់ទាញការវិនិយោគ មកពីបរទេសឲ្យកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសជាមួយសហរដ្ឋអាមេរិក ដើម្បីរួមចំណែករក្សាលំនឹងសេដ្ឋកិច្ចល្អប្រសើរ ក្រោយជំងឺរាតត្បាត កូវីដ-១៩។
នេះបើតាមការលើកឡើងរបស់សម្ដេចស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកិច្ចពិភាក្សាជាមួយក្រុមហ៊ុនធំៗរបស់អាមេរិក និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។
ឆ្លៀតក្នុងកិច្ចពិភាក្សានោះ សម្ដេចបានសំដែងការគាំទ្រចំពោះវត្តមាន និងបំណងក្នុងការពង្រីកវិសាលភាពរបស់ក្រុមហ៊ុនធំៗ ចំនួន៦ របស់សហរដ្ឋអាមេរិកដែល មានបំណងពង្រីកវិសាលភាពការវិនិយោគនៅកម្ពុជា កាន់តែខ្លាំងក្លាថែមទៀត ទាំងលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា គ្រឿងយន្ត សេវាកម្ម ហិរញ្ញវត្ថុ និងក្រុមហ៊ុន ដែលផលិតនូវផលិតផលប្រើប្រាស់ប្រចាំថ្ងៃ។
ជាងនេះទៅទៀត សម្ដេចបានគូសបញ្ជាក់ថា រាជរ ដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃបាននិងកំពុងខិតខំប្រឹងប្រែងរៀបចំទាំងលើទិដ្ឋភាពគោលនយោបាយច្បាប់ និងបទដ្ឋានគតិយុត្ត ក៏ដូចជាដាក់ចេញយន្តការអនុវត្តជាក់ស្តែង ជាពិសេសគឺយន្តការពង្រឹងការអនុវត្តច្បាប់ ដើម្បីធ្វើយ៉ាងណាធានាការធ្វើឲ្យប្រសើរសន្តិសុខ ដែលជាកត្តាគន្លឹះបង្កលក្ខណៈ និងលក្ខខណ្ឌអំណោយផល សម្រាប់ការទាក់ទាញការវិនិយោគមកពីបរទេសរួមទាំងសហរដ្ឋអាមេរិចផងដែរ ដើម្បីរួមចំណែករក្សាលំនឹងសេដ្ឋកិច្ចបានល្អប្រសើរក្រោយជំងឺរាតត្បាតកូវីដ១៩។
ក្នុងនោះ សម្តេចក្រឡាហោម ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អ និងជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនធំៗរបស់អាមេរិក ជាមួយអង្គភាពចំណុះក្រសួងមហាផ្ទៃកម្ពុជា ក្នុងការរួមចំណែកផ្ដល់ជាធាតុចូលក្នុងការរៀបចំ សេចក្ដីព្រាងច្បាប់ ក៏ដូចជាពង្រឹងនូវការងារមួយចំនួន៕