ភ្នំពេញ ៖ ក្នុងដំណើរបេសកកម្ម ចុះពិនិត្យស្ថានភាពទឹក លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំង លោករដ្ឋលេខាធិការប្រចាំការ ដែលជាប្រធានមុខព្រួញ លោកអនុរដ្ឋលេខាធិការ មន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ នារសៀល ថៃ្ងសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថៃ្ងទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានចុះពិនិត្យមើលការងារអន្តរាគមន៍ ជួសជុលទំនប់អាងទឹកខ្ពបត្របែក ដែលរងការខូចខាត ដោយសាររូងនាគ ព្រោះសំណង់បានធ្វើជាយូរឆ្នាំមកហើយ។
សូមបញ្ជាក់ជូនថា ក្រោយពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២០ ថា មានករណីរូងនាគ នៅត្រង់ចំណុចក្បាលស្ពាន ទ្វាទឹកធំនៃអាងទឹកខ្ពបត្របែក មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានចុះអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់គ្រឿងចក្រ ធ្វើការជួសជុលរូងនាគ ដែលមានអង្កត់ផ្ចិតប្រវែង ១,៣ ម៉ែត្រ ត្រង់ទីតាំងនោះ , កិច្ចការងារអន្តរាគមន៍បិទផ្ចិតរូងនាគ បានដោយជោគជ័យ នៅពេលកណ្តាលអធ្រាតយប់ថ្ងៃដដែល , រហូតមកដល់ពេលនេះ នៅសល់តែការងារចាក់បំពេញដី និងបង្ហាប់ឲ្យកាន់តែប្រសើរបន្ថែមទៀតប៉ុណ្ណោះ ។
ក្នុងឱកាសចុះពិនិត្យនោះ លោករដ្ឋមន្ត្រី បានណែនាំលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ និងមន្រ្តីបច្ចេកទេស ឲ្យបន្តយកចិត្តទុកដាក់ តាមដាន ត្រួតពិនិត្យ ធ្វើយ៉ាងណាឲ្យការងារ ជួសជុលបានល្អប្រសើរ ទៅតាមលក្ខណ:បច្ចេកទេស ដើម្បីធានាក្នុងការរក្សាទឹក ទុកប្រើប្រាស់នាពេលខាងមុខ ៕




















