ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំ ស្ដីពីការត្រៀមរៀបចំ ទិវា គ្រូបង្រៀន ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ខាងមុខ ក្រោមប្រធានបទ “គ្រូ បង្រៀនឆ្លាតវៃ ដើម្បីការអប់រំ ឌីជីថល”។
ពិធីនេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា ដើម្បីពិភាក្សាត្រៀមរៀបចំកម្មវិធីនេះ ធ្វើយ៉ាងណាឱ្យកម្មវិធីនេះ ប្រព្រឹត្តទៅ ដោយរលូន ប្រសិទ្ធភាព ពិសេសការ អនុវត្តស្តង់ដារ អនាម័យ បញ្ចៀសការឆ្លងរីករាលដាល នៃជំងឺ កូវីដ-១៩ ក្នុង អំឡុងនៃការដំណើរការកម្មវិធី។
សូមជម្រាបថា ទិវាគ្រូបង្រៀនត្រូវបានរៀបចំឡើង នាថ្ងៃទី៥ ខែតុលា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបំផុសឡើងវិញ នូវវប្បធម៌និងប្រពៃណី របស់សិស្សានុសិស្សទាំងឡាយ ឱ្យរំឭកនូវគុណូបការៈដ៏ថ្លៃថ្លា របស់គ្រូបង្រៀននៅទូទាំងប្រទេស ដែលពួកគាត់ជារៀមច្បង ក្នុងការងារ អប់រំ បណ្ដុះបណ្ដាល ធនធានមនុស្ស សម្រាប់ការពារកសាង និងអភិវឌ្ឍមាតុភូមិ លើគ្រប់វិស័យ ព្រម ទាំងបាននិងកំពុងបំពេញការងារ ជាអ្នកអប់រំ និងជាអ្នកផ្ទេរចំណេះដឹងផងដែរ។
គួររំឭកផងដែរថា ទិវាគ្រូបង្រៀន ដោយត្រូវបានផ្ដួចផ្ដើមជាលើកដំបូង នៅប្រទេសកម្ពុជា កាលពី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩៩៧ ដោយកំណត់យកថ្ងៃទី៥ ខែតុលា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាគ្រូ បង្រៀននេះ៕


