ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នាទីស្តីការក្រសួងផែនការ មានរៀបចំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដើម្បីបូកសរុបលទ្ធផលការងារ សម្រេចបានក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្ត ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយក អគ្គលេខាធិការ អគ្គាធិការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោកឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ពង្រឹងការអនុវត្តការងារ តាមដានត្រួតពិនិត្យ និងវាយតម្លៃ ជាពិសេសត្រូវជំរះឱ្យអស់ នូវរាល់ផែនការសកម្មភាពទាំងឡាយណា ដែលមិនទាន់សម្រេចបាន ត្រូវបន្តអនុវត្តឱ្យបានចប់សព្វគ្រប់ តាមផែនការដែលបានកំណត់ ជាពិសេសបន្តបង្កើនអនុវត្ត ឱ្យមានប្រសិទ្ធភាព តាមគោលនយោបាយនានា របស់រាជរដ្ឋាភិបាល ដើម្បីធានា ឱ្យមាននិរន្តរភាពឡើងវិញ នូវកំណើនសេដ្ឋកិច្ចជាតិ ទោះបីជាជំងឺកូវីដ១៩ បានប៉ះពាល់ដល់សេដ្ឋកិច្ច សង្គមកិច្ចកម្ពុជាក៏ដោយ៕





