ភ្នំពេញ៖ ស្រ្តីម្នាក់ត្រូវបានគេស្គាល់ថា មានងារជំទាវផងនោះ បានធ្វើសកម្មភាពចាក់ដីរំលោភ និងធ្វើរបងលើផ្ទៃប្រឡាយអូរព្រាល ស្ថិតក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដោយគ្មានញញើតអ្វីបន្តិចសោះឡើយ។
ប្រជាពលរដ្ឋវ័យចំណាស់ៗ ដែលបានដឹង និងស្គាល់សាវតាប្រឡាយអូរព្រាលច្បាស់ បានលើកឡើងដូចៗគ្នាថា ប្រឡាយនេះមានសារសំខាន់ណាស់ និងបានកកើតយូរយារណាស់មកហើយ លាតសន្ធឹងវែងអន្លាយ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងរំដោះទឹកជំនន់នារដូវវស្សា កុំឲ្យមានការជន់លិចផ្ទះ ស្រែចំការនិងផលដំណាំផ្សេងៗ របស់ប្រជាពលរដ្ឋ។
ក្រុមប្រជាពលរដ្ឋដដែល បានលើកឡើងបន្តទៀតថា ប្រហែលជាមានការត្រូវរ៉ូវគ្នា ជាមួយអាជ្ញាធរស្រុកនិងម្ចាស់ដី ដែលជាជំទាវនោះទើបទិញ កាលពីឆ្នាំទៅ ជំទាវនោះហ៊ានចាក់ដី រំលោភលើផ្ទៃប្រឡាយអូរព្រាល យ៉ាងគឃ្លើនបែបនេះ។
ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរ និងភាគីពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍ទប់ស្កាត់ ការចាក់រំលោភនិងស្ដារប្រឡាយនេះឡើងវិញផង សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ មិនគួរបណ្ដោយឲ្យអ្នកមានលុយ មានអំណាច រំលោភយកបាន តាមអំពើចិត្តបែបនេះឡើយ។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ លោក ប៊ុន ហួរ បានលើកឡើង ករណីចាក់ដីរំលោភ លើផ្ទៃប្រឡាយសាធារណៈខាងលើនេះ ខាងភាគីអ្នកចាក់ដីនិងធ្វើរបងព័ទ្ធនោះ បានធ្វើកិច្ចសន្យាថា នឹងរុះរើររបងនិងកាយដីចេញវិញផងដែរ នៅពេលមានការជីក ឬស្ដារប្រឡាយឡើងវិញ។
ជុំវិញករណីនេះ លោកប្រធានមន្ទីរ ក៏បានអះអាងថា លោកបានធ្វើនឹងធ្វើរបាយការណ៍លម្អិត ជូន លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធ្វើការសម្រេច នៅពេលក្រោយផងដែរ៕