ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម រំពឹងទុកថា ស្រុកស្ទឹងត្រង់ នឹងក្លាយទៅជាប៉ូល សេដ្ឋកិច្ចដ៏សំខាន់

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានរំពឹងទុកថា ស្រុកស្ទឹងត្រង់ នឹងក្លាយទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ខេត្តកំពង់ចាម ក្រោយ ពេលស្ពានឆ្លងកាត់ទន្លេ សម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនោះ ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២០ ខណ:ពេលជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ក្នុងពិធីបើកការដ្ឋានសាងសង់ ចាក់បេតុង និងរៀបចំសួនច្បារ ក្នុងបរិវេណមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ ស្ថិតក្នុងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ដែលមានប្រជាពលរដ្ឋ ចូលរួមប្រមាណជាជាង ៥០០ នាក់ ។

លោកអភិបាលខេត្តបានថ្លែងបន្តថា ស្របពេលដែលរាជរដ្ឋាភិបាល កំពុងតែមានការអភិវឌ្ឍ សំដៅលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ អាជ្ញាធរខេត្តកំពង់ចាម បានជំរុញឲ្យរដ្ឋបាលខេត្ត ខិតខំធ្វើការអភិវឌ្ឍឱ្យមានសមិទ្ធផល នៅក្នុងមូលដ្ឋាន ធ្វើដំណើរស្របគ្នាជាមួយនឹងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ជាពិសេសដូចជាការសាងសង់ស្ពានឆ្លងកាត់ទន្លេនៅក្នុងស្រុកស្ទឹងត្រង់ មកដល់ពេលបច្ចុប្បន្ននេះ ការសាងសង់ជិតរួចរាល់ជាស្ថាពរហើយ ។ ទន្ទឹមនឹងនេះអាជ្ញាធរខេត្ត ក៏បានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន ស្របពេលដែលស្ពានសាងសង់ជិតរួចនេះផងដែរ ។

លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានស្ថាបនា ស្ពានមួយខ្សែឆ្លងកាត់ទន្លេ ក្នុងស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារនេះ គឺជាសរសៃឈាមសេដ្ឋកិច្ចមួយ យ៉ាងសំខាន់ សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះ ។ ម្យ៉ាងទៀតដោយសារភូមិសាស្ត្រ ស្រុកស្ទឹងត្រង់ មានសក្តានុពលផ្នែកវិស័យកសិកម្ម លើដំណាំដាំដុះផ្សេងៗ ដូចជាដំណាំចេក និងដំណាំធូរេនជាដើម អាចប្រែក្លាយតំបន់នេះ ទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់នាពេលអនាគត ទាំងកសិកម្ម និងកសិទេសចរណ៍ផងដែរ ។

លោកអភិបាលខេត្ត បានរំឭកផងដែរថា នៅក្នុងបរិវេណ នៃមន្ទីរពេទ្យបង្អែក ស្រុកស្ទឹងត្រង់នេះកន្លងមក នៅរដូវប្រាំងគឺមានដីហុយ និងរដូវវស្សាដីស្អិតជាប់ជើង ដែលធ្វើឲ្យប្រជាពលរដ្ឋ ជួបការលំបាកក្នុងការធ្វើដំណើរ និងស្នាក់នៅព្យាបាលជំងឺក្នុងមន្ទីរពេទ្យនេះ ។ ដោយជួបនូវស្ថានភាពដូច្នោះ ទើបរដ្ឋបាលខេត្តកំពង់ចាម បានធ្វើការពិភាក្សាជាមួយនឹងសមាគម សាសនាចក្រ នៃព្រះយេស៊ូគ្រិស្ត ពួកបរិសុទ្ធថ្ងៃចុងក្រោយ រហូតមានការឯកភាពធ្វើការសាងសង់ចាក់ជាបេតុង និងរៀបចំសួនច្បារក្នុងបរិវេណមន្ទីរពេទ្យនាពេលនេះ ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រិស្ត ពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលតែងតែបានសហការ ជាមួយអាជ្ញាធរខេត្ត និងជួយអភិវឌ្ឍលើផ្នែកផ្សេងៗ នៅក្នុងខេត្តកំពង់ចាមនាពេលកន្លងមក ជាពិសេស ការជួយសាងសង់ចាក់បេតុង និងរៀបចំសួនច្បារ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់នាពេលនេះ ដើម្បីជាប្រយោជន៍ ដល់ប្រជាពលរដ្ឋ ។ ទន្ទឹមនឹងនោះដែលលោកអភិបាលខេត្តបានថ្លែងផ្ដាំផ្ញើដល់បុគ្គលិកពេទ្យ ឲ្យជួយថែរក្សាសមិទ្ធផលទាំងនេះ ប្រើប្រាស់ឲ្យបានយូរអង្វែង ៕

To Top