កោះកុង : លោកវេជ្ជបណ្ឌិត ហៃ ឡៃសុ៑ន ប្រធានមន្ទីរពេទ្យខេត្តកោះកុង បានដឹកនាំក្រុមការងារ បានអញ្ជើញទៅទទួលស្វាគមន៍ គណ:ប្រតិភូថៃ និងធ្វើពិធីចុះហត្ថលេខា ប្រគល់-ទទួល ឧបករណ៍ សម្ភារ: បរិក្ខារពេទ្យជាច្រើនប្រភេទ ដែលជាអំណោយដ៍ថ្លៃថ្លា របស់មន្ទីរសុខាភិបាលខេត្តត្រាត ប្រទេសថៃ។
ការទទួលសា្វគមន៍គណៈប្រតិភូថៃ ដើម្បីចុះហត្ថលេខា ទទួលឧបករណ៍សម្ភារៈបរិក្ខារពេទ្យ បានធ្វើឡើងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅច្រកទ្វារអន្តរជាតិចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
លោកវេជ្ជបណ្ឌិត ហៃ ឡៃស៊ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានមានប្រសាន៍ឲ្យដឹងថា៖ ដោយមានការបង្កើត ការទំនាក់ទំនងការទូតកម្ពុជា-ថៃ និងមានការសហប្រិបត្តិការល្អ រវាងប្រទេសកម្ពុជា-ថៃ ជាពិសេសខេត្តកោះកុងនិងខេត្តត្រាត ដែលជាខេត្តជាប់ព្រំដែនគ្នាផងដែរ ហើយមានទំនាក់ទំនងគ្នាល្អ លើកស្ទួយផ្នែកវិស័យសុខាភិបាល និងដើម្បីបង្កើន ការយល់ដឹងបច្ចេកទេសកាន់តែខ្ពស់ និងមានឧបករណ៍សម្ភារៈទំនើបៗ ក្នុងជួយសង្គ្រោះបន្ទាន់ឬបឋម និងរៀនបទពិសោធន៍បច្ចេកទេស ពីគ្នាទៅវិញទៅមក ហើយដោយមានការសហប្រតិបត្តិការល្អ រវាងខេត្តទាំងកោះកុង និងខេត្តត្រាត(ថៃ) មន្ទីរសុខាភិបាលថៃ បានផ្តល់សាងសងរួចរាល់ នូវអាគារសង្គ្រោះបន្ទាន់(ICU) និងជួសជុលកែលម្អ អគារបោកគក់និងរំងាប់មេរោគរួម
ក្នុងនោះដែរ មន្ទីរសុខាភិបាលថៃ បានផ្តល់ឧបករណ៍ សម្ភារៈបរិក្ខារពេទ្យជាច្រើនប្រភេទ សម្រាប់ដំណើរការក្នុងអគារថ្មីនេះ សម្រាប់ជួយសង្រ្គោះជីវិតមនុស្ស។
ក្នុងឱកាសនេះ លោកវេជ្ជបណ្ឌិត ហៃ ឡៃស៊ុន ក៏សូមថ្លែអំណរគុណ ដល់រាជរដ្ឋាភិបាលប្រទេសទាំងពីរ ដែលមានការសហប្រតិបត្តិការ លើកស្ទួយផ្នែកវិស័យសុខាភិបាល មានការរីកចំរើនជានិរន្តភាព ហើយមានការទំនាក់ទំនងល្អ សាមគ្គីភាព រវាងមន្ទីរសុខាភិបាលកោះកុង និងមន្ទីរសុខាភិបាលថៃ៕