ព័ត៌មានជាតិ

អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា រៀបចំកម្មវិធីផ្សព្វផ្សាយ សៀវភៅ ស្តីពីអភិបាលកិច្ច ប្រទេសចិន (ភាគ៣)

ភ្នំពេញ៖ ពិធីផ្សព្វផ្សាយសៀវភៅ សង្ខេបខ្លឹមសាររបស់លោក ស៊ី ជីនភីង ស្តីពីអភិបាលកិច្ចប្រទេសចិន (ភាគ៣) ជាភាសាអង់គ្លេស ត្រូវបានរៀបចំឡើងនៅវិមានព្រឹទ្ធសភា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានអ្នកចូលរួមមកពីក្រសួង ស្ថាប័ន និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សរុបចំនួន១២៨រូប។

កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមការគាំទ្រ រវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជាមួយនឹងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រោមកិច្ចសហការរៀបចំ រវាងមជ្ឈមណ្ឌលវប្បធម៌ចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន។

បន្ទាប់ពីចំណាប់អារម្មណ៍ស្វាគមន៍ ដោយលោក QUIAN YUANGANG ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិន ប្រចាំរាជធានីភ្នំពេញ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជា-ចិន បានចូលរួមនៅក្នុងសហគមន៍ជោគវាសនារួម ហើយកម្ពុជានិងចិន គឺជាមិត្តដែកថែប ហើយមានគំនិតរួម នៅក្នុងការថែរក្សាសន្តិភាពនិងការអភិវឌ្ឍ។ សៀវភៅអភិបាលកិច្ចប្រទេសចិន គឺជាមាគ៌ាអភិវឌ្ឍប្រទេសចិន ហើយក៏ជាគន្លឹះដ៏សំខាន់ សម្រាប់អ្នកសិក្សាស្រាវជ្រាវ និងមហាជនទូទៅឈ្វេងយល់ពី កិច្ចអភិវឌ្ឍប្រទេសចិន។

ថ្លែងក្នុងឱកាសនោះ លោក អ៊ុំ សារឹទ្ធ អគ្កលេខាធិការព្រឹទ្ធសភា បានគូសបញ្ជាក់ថា សៀវភៅលោក ស៊ី ជីនភីង ស្តីពីអភិបាលកិច្ចប្រទេសចិន គឺពិតជាកំណប់ទ្រព្យនៃពុទ្ធិដ៏មហាសាលស្តីពីការគ្រប់គ្រងប្រទេស ហើយក៏ជាសម្បត្តិមួយយ៉ាងមានតម្លៃ ថ្លៃថ្លារបស់ប្រទេសចិនផងដែរ។ ជាមួយគ្នានេះ ប្រទេសចិនក៏មានឆន្ទៈក្នុ ងការបើកចំហចែករំលែកសុទ្ធចិត្ត នូវបទពិសោធន៍ ប្រកបដោយភាពជោគជ័យរបស់ខ្លួន ជូនដល់បណ្តាប្រទេសដទៃទៀត នៅលើពិភពលោក។

តាមរយៈកម្មវិធីនាថ្ងៃនេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា ពិតជាទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើន នោះគឺការទទួលបាននូវឯកសារដ៏មានតម្លៃ សម្រាប់តម្កល់ទុកក្នុងបណ្ណាល័យព្រឹទ្ធសភាកម្ពុជា ហើយលោកអគ្កលេខាធិការព្រឹទ្ធសភាជឿជាក់ថា លោក វ៉ាង វិនធៀន នឹងពិនិត្យលទ្ធភាពជួយពង្រឹងសមត្ថភាពរបស់បណ្ណារក្សសភាកម្ពុជា តាមរយៈការធ្វើទស្សនកិច្ច នៅតាមបណ្ណាល័យនានា ក្នុងប្រទេសចិន ព្រមទាំងជួយធ្វើទំនើបកម្ម ដល់បណ្ណាល័យព្រឹទ្ធសភា ដើម្បីឱ្យក្លាយជាបណ្ណាល័យអេឡិចត្រូនិក ដែលអាចតភ្ជាប់ជាមួយនឹង បណ្ណាល័យអេឡិចត្រូនិករបស់ប្រទេសចិន និងអាចបម្រើសេវាកម្មផ្នែកពុទ្ធិកាន់តែល្អប្រសើរ និងកាន់តែងាយស្រួល ជូនដល់អ្នកសិក្សាស្រាវជ្រាវ និងមហាជននានាក្នុងប្រទេសកម្ពុជា។

សៀវភៅលោក ស៊ី ជីនភីង ស្តីពី អភិបាលកិច្ចប្រទេសចិន ចាប់ពីភាគ១ រហូតមកដល់ភាគ៣ សៀវភៅនេះឆ្លុះបញ្ចាំងឱ្យឃើញនូវគតិបណ្ឌិតរបស់លោក ស៊ី ជីនភីង ដែលរួមមានគោលការណ៍ណែនាំអំពីគោលនយោបាយអភិបាលកិច្ចរដ្ឋ និងការគ្រប់គ្រងនយោបាយ សុបិន និងក្តីសង្ឃឹមរបស់ប្រជាជនចិន មធ្យោបាយល្អសម្រាប់ដោះស្រាយបញ្ហាលំបាកៗ ផែនទីបង្ហាញផ្លូវ សម្រាប់ការអភិវឌ្ឍវែងឆ្ងាយ មាគ៌ាអភិវឌ្ឍន៍របស់ប្រទេសចិន ព្រមទាំងការគិតពិចារណា អំពីពិភពលោក និងជោគវាសនារបស់មនុស្សជាតិ ផងដែរ៕

To Top