ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ពិភពលោកចាំបាច់ត្រូវ បន្តជំរុញ និងគាំទ្រគោលការណ៍សាកលភាវូបនីយកម្ម តាមរយៈការបើកចំហពាណិជ្ជកម្មអន្តរជាតិ ឲ្យកាន់តែទូលំទូលាយ និងគាំទ្រប្រព័ន្ធពហុភាគីនិយម ឲ្យកាន់តែខ្លាំងក្លា។
ក្នុងកិច្ចប្រជុំប្រមុខរដ្ឋាភិបាលស្ដីពី «ហិរញ្ញប្បទានរបៀបវារៈការអភិវឌ្ឍដោយចីរភាព ឆ្នាំ២០២០ ក្នុងកាលៈទេសៈកូវីដ-១៩ និងពេលខាងមុខ» កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំមានអារម្មណ៍ថា ក្នុងបរិការណ៍បែបនេះ (កូវីដ-១៩) ពេលវេលាកំណត់នៅ ឆ្នាំ២០៣០ ដើម្បីសម្រេចឲ្យបាននូវបង្គោលចរ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព ប្រហែ លជានឹងគម្បីត្រូវបានពិចារណាពន្យា។ច្បាស់ណាស់ថា ការណ៍នេះ ទាមទារឲ្យមានការវាយតម្លៃឡើងវិ ញក្នុងគ្រប់ទិដ្ឋភាពទាំងអស់ ទាំងក្នុងក្របខ័ណ្ឌនៃវេលាកំណត់ ទិសដៅយុទ្ធសាស្ដ្រ ផែនការអនុវត្ត និងធនធាន សម្រាប់ការសម្រេចបាន នូវរបៀបវារៈរបស់យើង បន្ទាប់ពីស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ មានភាពធូរស្បើយ»។
សម្ដេចតេជោ គូសរំលេចនូវការងារជាអាទិភាពមួយចំនួន ពាក់ព័ន្ធនឹងបញ្ហាហិរញ្ញប្បទាន ដែលជាមធ្យោបាយមួយដ៏សំខាន់ សម្រាប់បម្រើឲ្យកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការឈានទៅសម្រេចបាន នូវរបៀបវារៈឆ្នាំ២០៣០ មានដូចជា ៖
ទី១-ការប្រែក្លាយការគំរាមកំហែងពីជំងឺកូវីដ១៩ ទៅជាឱកាសសម្រាប់ការកែទម្រង់នៅក្នុងប្រទេស នីមួយៗ ដើម្បីពង្រឹងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច បង្កបរិយាកាសអំណោយផល ដល់ការធ្វើធុរកិច្ច និងពង្រឹងការប្រមូលចំណូលរដ្ឋ។ ទន្ទឹមនេះ យើងត្រូវធ្វើអាទិភាពវូបនីយកម្ម ចំណាយថវិកាជាតិ ដោយផ្តោតលើវិស័យពាក់ព័ន្ធដោយត្រង់ ជាមួយគោលដៅនៃ ការអភិវឌ្ឍប្រកបដោយចីរភាព ២០៣០ ជាអាទិ៍ អប់រំ សុខាភិបាល ការគាំពារសង្គម កសិកម្ម និងហេដ្ឋរចនាសម្ព័ន្ធ។
ទី២-ការលើកកម្ពស់គោល នយោបាយពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម ព្រមជាមួយនឹងការផ្តល់ ភាពអនុគ្រោះដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធានាថា ផលប្រយោជន៍ដែលកើតចេញពីសាកលភាព វូបនីយកម្ម ត្រូវបានវិភាជប្រកបដោយសមធម៌ និងប្រសិទ្ធភាព។ ក្នុងស្មារតីនេះ ពិភពលោកចាំបាច់ត្រូវ បន្តជំរុញ និងគាំទ្រគោលការណ៍សាកលភាវូបនីយកម្ម តាមរយៈការបើកចំហពាណិជ្ជកម្មអន្តរជាតិ ឲ្យកាន់តែទូលំទូលាយ និងគាំទ្រប្រព័ន្ធពហុភាគីនិយម ឲ្យកាន់តែខ្លាំងក្លា។
ទី៣-ការបន្តពង្រឹងស្ថិរភាព និងពិពិធកម្មវិស័យហិរញ្ញវត្ថុ នវានុវត្តន៍ និងការលើកកម្ពស់តួនាទី និងជីវភាពវិស័យឯកជន ដើម្បីបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុ សម្រាប់បម្រើឲ្យគោលដៅ នៃរបៀបវារៈឆ្នាំ២០៣០ តាមរយៈការដាក់ចេញនូវវិធានការលើកទឹកចិត្ត និងជំរុញការវិនិយោគ និងលំហូរមូលធនឯកជន ទៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ពិសេសការជំរុញវិនិយោគផ្ទាល់ពីបរទេស និងការលើកកម្ពស់យន្តការ ភាពជាដៃគូរវាងវិស័យរដ្ឋ និងឯកជន។
ទី៤-ការបន្តធានាឲ្យបាននូវ និរន្តភាពនៃការផ្តល់ជំនួយអន្តរជាតិ ជាពិសេសជំនួយផ្នែកហិរញ្ញវត្ថុ ចំពោះប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីបន្តជំរុញចលនការ នៃកិច្ចការកែទម្រង់បម្រើឲ្យ របៀបវារៈ ឆ្នាំ២០៣០។
និងទី៥-ការបន្តពង្រឹងភាពជាម្ចាស់ របស់ប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈកសាងភាពជាដៃគូរវាងបណ្តា តួអង្គអភិវឌ្ឍន៍ទាំងអស់ ទាំងដៃគូអភិវឌ្ឍន៍ទ្វេភាគី ពហុភាគី វិស័យឯកជន និងតួអង្គអភិវឌ្ឍន៍ ដទៃទៀត៕
ដោយ ៖ អេង ប៊ូឆេង