ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបប្រជុំតាមរយៈប្រព័ន្ធ Virtual Conference ជាមួយ សមភាគី ហ្វីលីពីន

ភ្នំពេញ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នេះ ក្រោយពីជំនួបសន្ទនាតាមទូរស័ព្ទ ជាមួយមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបន្តជួបប្រជុំតាមរយៈប្រព័ន្ធ Virtual Conference ជាមួយឧត្តមសេនីយ៍ឯក CIRILITO E. SOBEJANA មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន តបតាមការអញ្ជើញរបស់ ឧត្តមសេនីយ៍ឯក CIRILITO E. SOBEJANA ដើម្បីរក្សាការផ្សារភ្ជាប់ទំនាក់ទំនង រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរកម្ពុជា-ហ្វីលីពីន ជាពិសេសក្នុងស្ថានភាពលំបាក ដែលបង្កឡើងដោយជំងឺកូវីដ-១៩ នេះ។

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក CIRILITO E. SOBEJANA បានលើកឡើងថា កងទ័ពជើងគោក ហ្វីលីពីនត្រៀមខ្លួនជានិច្ច នៅក្នុងការបន្តជំរុញ កិច្ចសហប្រតិបត្តិការ ជាមួយកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅក្នុងផ្នែកនានាជាច្រើន ដែលជាផលប្រយោជន៍រួម ដែលអាចមានដូចជា ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម, ឧក្រិដ្ឋកម្មឆ្លងដែន និងសកម្មភាពផ្លាស់ប្តូរទស្សនកិច្ច របស់នាយទាហានរង ជាដើម។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគាំទ្រចំពោះទស្សនវិស័យនៃការបង្កើនកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ និងបានបញ្ជាក់បន្ថែមថា ក្នុងចំណោមអាទិភាពនានា កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ តែងបានផ្តោតការ យកចិត្តទុកដាក់ លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសក្បែរខាងក្នុង តំបន់អាស៊ាន ដោយរួមទាំងកងទ័ពជើងគោក ហ្វីលីពីនផងដែរ ។ ជាក់ស្តែង អនុលោមតាមស្មារតី នៃអនុស្សារណៈ នៃការយោគយល់ (MOU) រវាងក្រសួងការពារជាតិ កម្ពុជា-ហ្វីលីពីន កិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ គឺជាទំនាក់ទំនងប្រកប ដោយសក្តានុពល ដែលអាចមានវិសាលភាព ទូលំទូលាយ ទាំងសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។

ក្នុងឱកាសនោះផងដែរ ភាគីទាំងពីរក៏បានពិភាក្សា ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ លើការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាអំពីវិធីសាស្ត្រផ្សេងៗ ពាក់ព័ន្ធនឹងការ អនុវត្តរបៀបរបបការងារថ្មី ស្របតាមបរិបទថ្មីនៃជំងឺនេះ ដើម្បីធ្វើយ៉ាងណាឱ្យការងារហ្វឹកហ្វឺន និងប្រតិបត្តិការផ្សេងៗទៀតអាចដំណើរការ ទៅបានជាធម្មតា ដោយទាំងនេះ សុទ្ធសឹងជាមេរៀនដ៏ល្អ សម្រាប់ការដកពិសោធន៍រៀនសូត្រ ពីគ្នាទៅវិញទៅមក។

ថ្នាក់ដឹកនាំកងទ័ពជើងគោកទាំងពីរ ក៏បានកត់សម្គាល់អំពីភាពសំខាន់ចាំបាច់នៃនិរន្តរភាព នៃសន្តិភាព និងស្ថិរភាព ដើម្បីភាពសុខសាន្ត របស់ជាតិ និងប្រជាជន ក៏ដូចជាសម្រាប់តំបន់ទាំងមូល និងបានឯកភាពគ្នាបន្តជំរុញល្បឿន នៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្ម ជាពិសេសការខិត ខំពិនិត្យលទ្ធភាព ក្នុងការសម្រេចឱ្យ បាននូវការចុះអនុស្សារណៈ នៃការយោគយល់ (MOU) រវាងកងទ័ពជើងគោកកម្ពុជា-ហ្វីលីពីន ក្នុងពេលឆាប់ៗខាងមុខនេះ៕

To Top