ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ បើកឲ្យដំណើរការជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ និងមណ្ឌលផ្តល់សេវាសាធារណៈថ្មី ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥ រាជធានី-ខេត្ត និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។
សូមជម្រាបថា ការបើកឱ្យដំណើរការជាផ្លូវការ “ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ” ជានីតិវិធីរួមគ្នារវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រា ក្នុងពេលតែមួយ ដែលជួយសម្រួលដល់ប្រជាពលរដ្ឋ កាន់តែមានភាពងាយស្រួល ចំណេញពេលវេលា និងថវិកា។
ជាមួយគ្នានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏នឹងបើកឱ្យដំណើរការជាផ្លូវការ “មណ្ឌលផ្តល់សេវាសាធារណៈ” ជាមណ្ឌលទី៣ ដែលប្រជាពលរដ្ឋអាចមកទទួលសេវាសាធារណៈ ៣ប្រភេទ រួមមាន៖ ចុះបញ្ជីរថយន្ត ផ្ទេរកម្មសិទ្ធិរថយន្ត និងប្តូរបណ្ណបើកបរយានយន្ត មានទីតាំងស្ថិតនៅជាន់ទី៣ ក្នុងផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល៕
ដោយ ៖ អេង ប៊ូឆេង