ព័ត៌មានជាតិ

អភិបាលរង ខេត្តស្វាយរៀង៖ វិស័យការងារ ជាភារកិច្ចសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ

ស្វាយរៀង ៖ លោករស់ ផារិទ្ធ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការខេត្តបណ្តុះបណ្តាលកម្មវិធីRoadshow Employer TVET-Advocacy បានថ្លែងថារាជរដ្ឋាភិបាល កំពុងតែយកចិត្តទុកដាក់ ជាចម្បងលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ ព្រោះវិស័យនេះមានភារកិច្ចសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋតាមរយៈការការពារ ពលកម្ម និងផ្តល់ឱកាសការងារ ដល់អ្នកដែលកំពុងស្វែង រកការងារធ្វើដោយផ្តល់ ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើនធនធានមនុស្ស ក្នុងគោលបំណងលើកកម្ពស់ស្តង់ដារ ការរស់នៅ តាមរយៈការបង្កើន ប្រាក់ចំណូលក្នុងគ្រួសារ។

ការថ្លែងរបស់លោករស់ ផារិទ្ធបែបនេះ ខណៈដែលលោកតំណាង អភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងកម្មវិធី ផ្សព្វផ្សាយបង្កើនកិច្ចសហការរបស់និយោជក វិស័យឯកជនជាមួយ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែន ស្វាយរៀង នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ដែលមានការចូលរួមពីលោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែន ស្វាយរៀង ព្រមទាំងលោក លោកស្រី តំណាងរោងចក្រ សហគ្រាស សមាជិក សមាជិកា សសយក ក្រុងស្វាយរៀង និងនាយករង បុគ្គលិក មន្ត្រីរាជការជាច្រើនរូបផងដែរ។

លោកបានថ្លែងនូវ ការកោតសរសើរ ចំពោះមន្ត្រីរាជការ នៃវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែន ស្វាយរៀង ដែលបានខិតខំយកចិត្តទុកដាក់ បំពេញនូវបេសកកម្មជូនជាតិ និងទទួលបានជោគជ័យ ជាបន្តបន្ទាប់់។

លោកបានបន្ថែមថា ការចូលរួមក្នុងកម្មវិធី Roadshow Employer TVET-Advocacy ការផ្សព្វផ្សាយបង្កើន កិច្ចសហការរបស់ និយោជកនិងវិស័យឯកជន ជាមួយវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែន ស្វាយរៀង ដើម្បីយល់បាន អំពីសារៈសំខាន់នៃប្រព័ន្ធ អប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ដំណើរការទូទៅ និងអត្ថប្រយោជន៍ របស់មជ្ឈមណ្ឌល វាយតម្លៃសមត្ថភាព និងកម្មវិធីចុះកម្មសិក្សា របស់សិក្ខាកាម សិស្ស និស្សិត និងការបញ្ជូន គ្រូបច្ចេកទេស ទៅក្នុងឧស្សាហកម្ម។

លោកបានបន្ថែមថា វិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោ សែនស្វាយរៀង ត្រូវទទួលរ៉ាប់រងការងារធំៗ ក្នុងដំណាក់កាល នៃការវិវត្តន៍វិស័យបច្ចេកវិទ្យា ក៍ដូចជា បដិវត្តឧស្សាហកម្មជំនាន់ទី៤ (IR4.0) ដើម្បីលើកកម្ពស់ គុណភាពបណ្តុះបណ្តាល ផលិតភាពការងារ របស់កម្មករ និយោជិត នៅក្នុងតំបន់ជាពិសេស ក្នុងខេត្តស្វាយរៀងរបស់យើង ។

លោកក៏បានសំណូមពរ ដល់លោក លោកស្រីសូមចូលរួម សហការជាមួយវិទ្យាស្ថាន ក្នុងកំណត់មុខជំនាញសិក្សា ការអភិវឌ្ឍកម្មវិធីសិក្សាដើម្បី ឲ្យស្របតាមស្ថានភាព ទីផ្សារការងារបច្ចុប្បន្ន និងចូលរួមសហការ ក្នុងផ្តល់ទីកន្លែង សម្រាប់ឲ្យសិក្ខាកាម សិស្ស-និស្សិត ក្នុងការចុះកម្មសិក្សា ក៏ដូចជាទទួលសិក្ខាកាម សិស្ស-និស្សិត ឲ្យចូលបម្រើការងារនៅពេលបញ្ចប់ការសិក្សា ។

លោក មុត ចិន្តា ប្រធានវិទ្យាស្ថានដែលចូលស្វាយរៀង បានឲ្យដឹងថាដោយឡែក កម្មវិធី Roadshow Employer TVET-Advocacy ការផ្សព្វផ្សាយបង្កើន កិច្ចសហការរបស់និយោជក និងវិស័យឯកជន ជាមួយវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែន ស្វាយរៀង ថ្ងៃនេះមានគោលបំណងធំៗបី៖

ទី១ ការផ្សព្វផ្សាយអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងកម្រិតបណ្តុះបណ្តាល នៅវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែន ស្វាយរៀង។
ទី២ ការបង្ហាញអំពីការទំនាក់ទំនង គ្នារវាងវិទ្យាស្ថាន និងរោងចក្រសហគ្រាស ការចុះកម្មសិក្សារបស់សិស្ស និស្សិត និងតម្រូវការជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។

លោកក៏បានស្នើសុំរោងចក្រ សហគ្រាសទាំងអស់បង្កើន កិច្ចសហការអោយកាន់តែស៊ីជម្រៅ បន្ថែមទៀត និងបង្កើនការចុះអនុស្សរណៈ យោគយល់គ្នា ដើម្បីបំពេញតម្រូវការ គ្នាទៅវិញទៅមក ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ រវាងរដ្ឋ និងឯកជន ក្នុងន័យលើកកម្ពស់ជំនាញ ឱ្យស្របទៅនឹងបច្ចេក វិទ្យាបច្ចុប្បន្ន និងផលិតភាពការងារ ៕

To Top