ភ្នំពេញ៖ ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានច្រានចោល ការចោទប្រកាន់តាមបែបការធ្វើបុរេវិនិច្ឆ័យ ដោយគ្មានមូលដ្ឋានមកលើមន្ត្រីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) និងការប្រើប្រាស់ពាក្យពេចន៍អសីលធម៌ដោយតំណាង គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) នាកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធកាលពីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ និងការផ្សាយផ្ទាល់រយៈពេលប្រមាណជា ៣ម៉ោង របស់ LDP តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន “League for Democracy Party” នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។
នេះបើយោងតាមសេចក្តីបំភ្លឺរបស់ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប ។
គ.ជ.ប បន្តថា ការនិយាយសម្ដីអសុរោះរបស់តំណាង គណបក្ស LDP ប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រទេសជាតិ និង គ.ជ.ប ដែលជាស្ថាប័នមានចែងក្នុងរដ្ឋធម្មនុញ្ញ និងដែលនាំឲ្យមានការភាន់ច្រឡំ បាត់ទំនុកចិត្តលើការបោះឆ្នោត ដូចមានចែងក្នុងមាត្រា ១៤២ នៃច្បាប់ស្ដីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ (ច.ប.ត.រ)។
គ.ជ.ប បានចាត់វិធានការសមស្រប និងណែនាំដល់មន្ត្រី លធ.ខប រួចហើយចំពោះការងារពាក់ព័ន្ធ ដើម្បីពង្រឹងការងារស្របតាមបទបញ្ជា និងនីតិវិធី សម្រាប់ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ៕