ព័ត៌មានជាតិ

រាជរដ្ឋាភិបាលដាក់ ចេញវិធានការបន្ថែម ដើម្បីបន្ដគ្រប់គ្រង ផលប៉ះពាល់ លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រង ផលប៉ះពាល់លើវិស័យ សំខាន់ៗនៃសេដ្ឋកិច្ចនៅក្នុង បរិការណ៍នៃវិបត្តិ និងការស្ដារជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។

យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់រាជរដ្ឋាភិបាល នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា មកដល់បច្ចុប្បន្នការខិតខំ អភិវឌ្ឍន៍វ៉ាក់សាំងបង្ការកំពុងមាន វឌ្ឍនភាពល្អគួរជាទីសង្ឃឹម ប៉ុន្តែគ្មាននរណាដឹងថា ពេលណាវិបត្តិនៃជំងឺកូវីដ-១៩នេះ នឹងបញ្ចប់ហើយក៏គ្មាននរណា អាចទស្សន៍ទាយ អំពីផលប៉ះពាល់មកលើគ្រប់ទិដ្ឋភាព នៃជីវភាពរស់នៅរបស់សង្គមជាតិនីមួយៗ បានជាក់ច្បាស់នោះដែរ។

រាជរដ្ឋាភិបាលបន្ដថា នៅកម្ពុជា វិបត្តិកូវីដ-១៩ នៅតែបន្តមានបង្កផលប៉ះពាល់ អវិជ្ជមានមកលើស្ថានភាពសង្គម-សេដ្ឋកិច្ច ទោះបីជារាជរដ្ឋាភិបាលបាននិងកំពុងគ្រប់គ្រងការរីករាលដាលនៃជំងឺនេះ ប្រកបដោយប្រសិទ្ធភាពក៏ដោយ។ក្រោមស្មារតីបុរេសកម្ម និងកិច្ចសហការយ៉ាងជិតស្និទ្ធពីសំណាក់ ប្រជាជន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា វិធានការចំនួន៥ជុំត្រូវបានដាក់ចេញ និងបានផ្តល់លទ្ធផលវិជ្ជមានដូចដែលបានព្រាងទុក។

ជាក់ស្តែង លំនឹងជីវភាពរបស់ប្រជាជន ក៏ដូចជាសកម្មភាពផលិតកម្ម និងអាជីវកម្មក្នុងវិស័យដែលបាន រងផលប៉ះពាល់ ក៏ចាប់ផ្តើមមានស្ថិរភាព និងប្រតិបត្តិការឡើងវិញ។ទោះបីជាយ៉ាងនេះក្ដី វិស័យសំខាន់ ៗមួយចំនួន រួមមានដូចជា៖ វិស័យកាត់ដេរ-វាយនភណ្ឌ ,វិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ជាដើម នៅតែរងផលប៉ះពាល់ ខ្លាំងជាងគេ ពីវិបត្តិនៃជំងឺកូវីដ-១៩ នេះ ។ ស្របពេលនេះដែរ គ្រួសារក្រីក្រ និងងាយរងគ្រោះមួយចំនួនក៏នៅកំពុងបន្តប្រឈមនឹងបញ្ហាលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។

ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា លើកឡើងទៀតថា ស្ថិតក្នុងបរិការណ៍នេះ ដោយពិនិត្យ និងថ្លឹងថ្លែងលើទិដ្ឋភាព នៃការវិវឌ្ឍនៃស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសង្គម ទាំងក្នុង ក្របខ័ណ្ឌសកលលោក តំបន់ និងក្នុងប្រទេស រាជរដ្ឋាភិបាល សម្រេចដាក់ចេញនូវវិធានការបន្ថែម ជុំទី ៦ ក្នុងគោលបំណង៖ (១). បន្តទ្រទ្រង់ និងស្ដារអាជីវកម្ម និងធុរកិច្ច ឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍ក្រោយពីវិបត្តិ និង (២). បន្តជួយទំនុកបម្រុងដល់ជីវភាព ប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់៕

To Top