ព័ត៌មានជាតិ

សមាជិកព្រឹទ្ធសភាជម្រុញ រដ្ឋបាលខេត្តភូមិឃុំសង្កាត់ ស្ទាត់ជំនាញបច្ចេកវិទ្យាប្រព័ន្ធឌីជីថល ងាយបញ្ជូនព័ត៌មានទៅថ្នាក់ខេត្តឬក្រសួង

កោះកុង ៖ សមាជិក សមាជិកាព្រឹទ្ធសភា ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តរហូតដល់ស្មៀនឃុំសង្កាត់ ត្រូវអោយតម្លៃខ្ពស់ពី អត្តប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន នាសម័យទំនើបនេះថា អាចជួយពន្លឿនដោះស្រាយរាល់បញ្ហានានា បានទាន់ពេលវេលា បើធៀបនឹងពេលចេះប្រើ។

ក្នុងវេទិកានេះ លោក គង់ សារាជ ប្រធានក្រុមភូមិភាគ និងជាប្រធានគណៈកម្មការទី៩នៃព្រឹទ្ធសភា បានថ្លែងថា៖ រដ្ឋបាលខេត្ត ឃុំ សង្កាត់គ្រប់ បណ្តាស្រុក ត្រូវពង្រឹងសមត្ថភាពផ្នែកប្រព័ន្ធបច្ចេកវិទ្យាឌីជីថល បច្ចុប្បន្ននេះ រួមមាន៖ ហ្វេសប៊ុក តេឡេក្រាម និងWhatsApp ជាដើម បាននឹងកំពុងដើរតួនាទី យ៉ាងសំខាន់ដែលពុំអាចខ្វះបានប្រចាំថ្ងៃ សម្រាប់ទំនាក់ទំនងបម្រើការងារ តាមសេចក្តីត្រូវការរៀងៗខ្លួន ខណៈសាធារណជនអាចរាល់ដឹង ឬបញ្ចូនព័ត៌មានទាំងនោះឱ្យគ្នាទៅមកបានឆាប់រហ័ស ទាន់ពេលវេលា និងពុំចំណាយថវិកាច្រើនទៀតផង។

លោក គង់ សារាជ សមាជិកព្រឹទ្ធសភា ថ្លែងបន្ថែមថា៖ គ្រប់ប្រទេសនៅលើពិភពលោក គឺគេបានអនុវត្តន៍ព្រមគ្នាទៅដល់ចំណុច នេះអស់ទៅហើយ។ ដូច្នេះកម្ពុជាយើងត្រូវខិតខំធ្វើយ៉ាងណា ឱ្យប្រព័ន្ធឌីជីថលនេះកាន់តែទូលំទូលាយសម្រាប់ធនធានមនុស្ស ចេះប្រើប្រាស់បានត្រឹមត្រូវ ក្នុងន័យរួមចំណែកសង្គមជាតិរីកចម្រើន និងទទួលបានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ។

លោកបានបញ្ជាក់ថា៖ ការប្រើប្រាស់ប្រព័ន្ធឌីជីថលនាយុគ្គសម័យថ្មី ក៏កំពុងតែជំរុញដល់ក្រុមប្រឹក្សាឃុំសង្កាត់ នៅទូទាំងខេត្តកោះកុង ចាំបាច់ត្រូវតែយល់ដឹងឱ្យស្របទៅតាមភាពជឿលឿន និងបម្រើការដល់កិច្ចអភិវឌ្ឍន៍ ក្នុងមូលដ្ឋានជួបប្រជាពលរដ្ឋ។

លោកបានលើកឡើងថា នៅពេលមេឃុំ និងចៅសង្កាត់ មានសមត្ថភាពប្រើប្រាស់បណ្តាញទំនាក់ទំនងឌីជីថល រួចរាល់ ពួកគាត់រុញចាល នូវព័ត៌មានពីអ្វីដែលតម្រូវការចង់របស់ប្រជាពលរដ្ឋ មកកាន់ថ្នាក់ដឹកនាំរបស់ខ្លួនបានទាន់ពេលវេលា មុននឹងស្វែងរក ដោះស្រាយបញ្ហាប្រឈម និងលើកទិសដៅអភិវឌ្ឍន៍ រួមគ្នាប្រកបដោយប្រសិទ្ធភាពខ្ពស់។ ទោះពុំបានល្អ១០០ភាគរយយ៉ាងណាក្តី ប៉ុន្តែអាជ្ញាធរអាចធ្វើទៅបាន ជៀសវាងការមិនតបឆ្លើយណាមួយសោះ។

លោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្នុងអំឡុងកាលបញ្ហាជួបវិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យមន្រ្តីជំនាញ និងរដ្ឋបាលមួយចំនួនអាចចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ឌីជីផលយ៉ាងល្អប្រសើរ។ ត្បិតជួបបញ្ហាប្រឈម ឬមិនទទួលយកបានទាំងអស់គ្នាក្តី។
ដូច្នេះលោកសុំលើកទឹកចិត្តដល់មន្រ្តីពាក់ព័ន្ធ ទាំងអស់ខេត្តកោះកុងបន្តកិច្ចខិតខំប្រឹងប្រែងថែម សម្រាប់ភាពរីកចម្រើនអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ តាមកំណែទម្រង់ឧស្សហកម្មបច្ចេកវិទ្យា និងលទ្ធិប្រជាធិបតេយ្យ។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ទទួលយកសំណើរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយបន្តរិះរកវិធីសាស្រ្តផ្សេងៗថែម ទៀតគៀងគរមន្រ្តីរាជការ និងសាធារណជនចូលរួមប្រើប្រាស់ ប្រព័ន្ធអេឡិចត្រូនិចអោយគ្រប់ៗ គ្នា ដើម្បីជាមូលដ្ឋានពិចារណាដោះស្រាយរាល់ បញ្ហាប្រឈមនានាដែលកើតមាននិងជំរុញឲ្យមន្ត្រី គ្រប់បណ្តាស្រុកគ្រប់មូលដ្ឋានខិតខំ បង្លើនធនធានមនុស្ស បន្ថែមដើម្បីប្រជាជន និងប្រទេសជាតិ៕

To Top