ព័ត៌មានជាតិ

៩ខែ ឆ្នាំនេះ កម្ពុជានាំចេញផលិតផល កសិកម្មជាង ៥,៨លានតោន

ភ្នំពេញ ៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០នេះ កម្ពុជានាំចេញផលិតផលកសិកម្ម បានកើនឡើងល្អប្រសើរ ក្នុងបរិមាណ ជាង៥,៦លានតោន។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា «ការនាំចេញផលិតផលកសិកម្ម ឆ្លងកាត់ច្រកចេញចូលតែមួយ និងមិនបានឆ្លងកាត់ ហើយចំពោះការនាំចេញផលិតផលកសិកម្ម ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ ក្រសួងបានពិនិត្យឃើញថា មានការកើនឡើងល្អប្រសើរ គឺមានបរិមាណ សរុប ចំនួនជាង ៥,៨ លានតោន»។

ដោយឡែក គិតមកទល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេស សម្រេចធ្វើការស្ទូង និងព្រួសបានសរុបចំនួន ២ ៧១៤ ២១៦ ហិចតា ស្មើនឹង ១០៤,៨៧% នៃផែនការចំនួន ២ ៥៨៨ ១៣០ ហិចតា លើសឆ្នាំ២០១៩ ចំនួន ៧០ ២១៧ ហិចតា។

តាមរយៈលទ្ធផលដែលសម្រេចបានខាងលើ ក្នុងនោះមាន ៖ ស្រូវស្រាលចំនួន ៨២៨ ៧៣៣ ហិចតា, ស្រូវកណ្តាលចំនួន ១ ៣៨៥ ០៦៦ ហិកតា, ស្រូវធ្ងន់ចំនួន ៤៤៦ ៣០១ ហិកតា, ស្រូវចម្ការចំនួន ២០ ៦៦៨ ហិកតានិង ស្រូវឡើងទឹកចំនួន ៣៣ ៤៤៨ ហិចតា។

ទន្ទឹមនឹងនេះ បានប្រមូលផលស្រូវស្រាល ដើមរដូវវស្សាបានជាបណ្តើរៗ ចំនួន ៤៣៦ ២៨៧ ហិកតា ទទួល បរិមាណផលសរុបចំនួន ១ ៦៦២ ០៦១ តោន លើសឆ្នាំមុនចំនួន ២៤៦ ៦១៨ តោន ទិន្នផលគិតជាមធ្យមទទួលបាន ៣,៨១០ តោន ក្នុង១ហិកតា៕

To Top