ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ប្រជុំលើសេចក្ដីសម្រេច ការបង្កើតក្រុម ការងារតាក់តែងលិខិត បទដ្ឋានគតិយុត្ត ការបង្ការ និងពន្លត់អគ្គិភ័យ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំប្រកាសសេចក្ដីសម្រេច ស្ដីពី ការបង្កើតក្រុមការងារតាក់តែងលិខិតបទដ្ឋានគតិយុត្តស្ដីពីការបង្ការ និងការពន្លត់អគ្គិភ័យ ក្រោមអធិបតីភាព លោក អ៊ុក គឹមលេខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។

នាឱកាសនោះ លោក អ៊ុក គឹមលេខ បានលើកឡើងថា អគ្គិភ័យជាបញ្ហាដែលគួរឲ្យព្រួយបារម្ភ និងផ្ដល់ផល ប៉ះពាល់ច្រើនដល់សេដ្ឋកិច្ចជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋ ហេតុនេះ ក្រោយពីមានការបង្កើតក្រុមការងារនេះឡើង ការរៀបចំតាក់តែងលិខិតបទដ្ឋានគតិយុត្តស្ដីពីការបង្ការ និងការពន្លត់អគ្គិភ័យនានា ត្រូវមានលក្ខណៈច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ សំដៅរួមសហការគ្នាជួយសង្គ្រោះការខាតបង់របស់ប្រជាពលរដ្ឋ និងសង្គមជាតិ។

សូមរំលឹកថា ក្រុមការងារតាក់តែងលិខិតបទដ្ឋានគតិយុត្តស្ដីពីការបង្ការ និងការពន្លត់អគ្គិភ័យនេះមានភារកិច្ចសិក្សាស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋាននៃព្រះរាជាណាចក្រកម្ពុជា និងប្រទេសនានាសម្រាប់ជាជំនួយ និងបទពិសោធក្នុងការបម្រើឲ្យកិច្ចតាក់តែង ហើយត្រូវសហការជាមួយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មាន ចងក្រង រៀបចំឯកសារ និងតាក់តែងសេចក្ដីព្រាងលិខិតបទដ្ឋាននេះផងដែរ៕

To Top