ភ្នំពេញ ៖ក្រុមដោះអន្ទាក់សត្វព្រៃ នៃអង្គការ WCS បានប្រទះឃើញសត្វជ្រូកព្រៃ ធំមួយក្បាលកំពុងជាប់ អន្ទាក់ នៅក្នុងដែនជម្រក សត្វព្រៃកែវសីមា ។ ប្រសិនបើគ្មានក្រុមដោះអន្ទាក់ ជួយសង្គ្រោះទេ វានឹងងាប់ បន្ដិចម្ដងៗដោយសារ តែភាពឈឺចាប់។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ WCS នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា អន្ទាក់ចាប់ សត្វព្រៃត្រូវបានកែច្នៃធ្វើឡើង អំពីខ្សែហ្រ្វាំងម៉ូតូ ឬខ្សែកាបដោយវាទាញភ្ជាប់ ទៅនឹងដើមឈើ ។ ខ្សែអន្ទាក់មានប្រសិទ្ធិភាព យូរអង្វែងមិនងាយខូចឡើយ ។ ដូច្នេះក្រោយពេល ដែលព្រានព្រៃបោះបង់ចោល អន្ទាក់ទាំងនោះ នៅតែបង្កគ្រោះថ្នាក់ ដល់សត្វព្រៃជារៀងរាល់ថ្ងៃ។
WCS បន្ថែមថា ជ្រូកព្រៃអាចខឹង នៅពេលមនុស្សរំខានវា ហើយវាអាចនឹងខាំតបតវិញ ។ ក្រុមការងារ បានគិតទុកមុនថា ពួកគេនឹងត្រូវគេចខ្លួន ទៅទីណា ដើម្បីសុវត្ថិភាព នៅពេលដែលជ្រូកព្រៃនេះ រួចពីអន្ទាក់ ។
WCS រៀបរាប់ថា ក្រុមការងារបានសង្កត់ជ្រូកព្រៃ ទៅនឹងដី ដើម្បីកុំឲ្យវារើបង្រះ និងបានកាប់ផ្ដាច់អន្ទាក់ ដើម្បីដោះលែងវា ។ ក្រុមការងារ បានកាត់ផ្ដាច់ ផ្នែកចុងក្រោយ របស់អន្ទាក់ បានរត់ឡើងលើដើមឈើយ៉ាងលឿន ដើម្បី គេចខ្លួនពីការវាយប្រហារ របស់ជ្រូកព្រៃ។
WCS បន្ដថា អន្ទាក់ប្រភេទនេះ អាចសម្លាប់សត្វព្រៃគ្រប់ប្រភេទ រួមទាំង សត្វដំរី ស្វា និងបក្សី ។ ក្រុមការ ងារបានដោះអន្ទាក់ប្រភេទនេះ បានប្រហែល១០.០០០ អន្ទាក់ នៅក្នុងដែន ជម្រកសត្វព្រៃកែវសីមា ក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយនេះ៕